ភ្នំពេញ៖ ក្នុងក្តីបារម្ភពីអាជីពសិល្បៈកំប្លែងជាឆ្នាំងបាយ តារាកំប្លែងជើងចាស់ នាយ កុយ បានបង្ហោះសារ សារស័ព្ទ ទាក់ទងនឹងរឿងអាជីពកំប្លែងរបស់ខ្លួនអាចនឹងត្រូវបាត់បង់ ដោយស្ថានីយទូរទស្សន៍ដែលលោកធ្លាប់សម្តែង នឹងផ្លាស់ប្តូរកម្មវិធីពីបុរាណ ទៅជាតន្រ្តីសម័យវិញ ហើយនឹងលែងមានការសម្តែងកំប្លែងតទៅទៀត បានធ្វើឲ្យមហាជនមានការអាណិត លោកខ្លាំង។

ទន្ទឹមនោះតារាកំប្លែងនាយកុយ បានធ្វើការ live វីដេអូ នៅលើគណនីហ្វេសប៊ុករបស់ខ្លួន ដែលរៀបរាប់សម្តែងក្តីព្រួយបារម្ភ ចំពោះរឿងគេមិនសូវអោយតម្លៃលើសិល្បៈបុរាណ រឺក៏សិល្បៈចាស់ៗដូចពីមុន កម្មវិធីទូរទស្សន៍ក៏បានផ្លាស់ប្តូរកម្មវិធីលែងមានសិល្បៈបុរាណ និងកំប្លែងតទៅទៀត។

ដោយយោងតាមវីដេអូ live នោះលោកក៏បានសំណូមពរដល់ម្ចាស់ស្ថានីយទូរទស្សន៍នានា សូមកុំចោលអ្នកសិល្បៈបុរាណ ដោយលោកបានរៀបរាប់ថា«ខ្ញុំក៏នៅចង់សម្តែង និងជាពិសេសក៏នៅចង់ឲ្យកូនក្រុមរបស់ខ្ញុំមានអាជីព មានថវិកាចិញ្ចឹមជីវិត និងមានវត្តមាននៅលើកញ្ចក់ទូរទស្សន៍ផង ទោះបីជាការសម្តែងម្តងខ្ញុំទទួលបានត្រឹមតែ៣០០ដុល្លារ ហើយត្រូវចែកដល់កូនក្រុមក្តីរហូតដល់១១នាក់ ខ្ញុំក៏អស់ចិត្តដែរ»។