ភ្នំពេញ៖ ក្មេងស្រីវ័យ ១០ឆ្នាំម្នាក់ ត្រូវបានឪពុកមាវាយនឹងខ្សែភ្លើង យ៉ាងដំណំកាលពីល្ងាចម្សិលមិញថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចផ្ទះលក់ដូរមួយ ភូមិទួលពង្រ សង្គាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ក្មេងស្រីរងគ្រោះត្រូវបានគេស្គាល់ថាឈ្មោះ ល ស អាយុ១០ឆ្នាំ ត្រូវបានឪពុកមាយកមកចិញ្ចឹមតាំងពីអាយុ៣ឆ្នាំមកម្ល៉េះ ប៉ុន្តែមិនបានឲ្យទៅរៀនសូត្រអីទេ ទុកឲ្យនៅជួយលក់ដូរឥវ៉ាន់នៅផ្ទះកើតហេតុខាងលើ។

អ្នកឃើញហេតុការណ៍អំពើហិង្សានេះ បានរៀបរាប់ថា «ថ្ងៃកើតហេតុប៉ាអាម៉ាប់បានយកខ្សែភ្លើងបត់ជា៤ វាយសំពងកុមារី ល ស ឡើងកន្ទួលពេញខ្លួន ព្រោះខឹងនាងសំងំលេងហ្គេម មិនជួយលក់ដូរ»។ ប្រភពដដែលបានបន្តថា «ដោយទ្រាំមិនបាន នឹងទង្វើនេះ ពួកគាត់បានរត់នៅប្តឹងបូសីស ហើយឈានដល់ការចុះឃាត់ខ្លួនបុរសខាងលើ យកទៅសួរនាំនៅប៉ុស្តិ៍រដ្ឋបាលតែម្តងទៅ»។ បច្ចុប្បន្នកុមារីវ័យ ១០ឆ្នាំ កំពុងរង់ចាំឪពុកម្តាយមកទទួលយកទៅចិញ្ចឹមវិញ៕