Eboue វ័យ៣៤ឆ្នាំធ្លាប់រកលុយរាប់លានដុល្លារពេលកំពុងលេងនៅ Premier League ប៉ុន្តែពេលនេះសូម្បីកន្លែងនៅក៏គ្មាន ត្រូវបោកខោអាវដោយដៃ និងលាក់ពួនពីមន្ត្រីប៉ូលិស។ ផ្ដល់កិច្ចសម្ភាសន៍ជាមួយ Sunday Mirror អតីតកីឡាករល្បី Eboue បានប្រាប់ថា គេបានចាញ់ក្ដីលែងលះដ៏រញ៉េរញ៉ៃជាមួយភរិយានាង Aurelie ដោយប្រគល់ទ្រព្យសម្បត្តិទាំងអស់ទៅឲ្យនាង និងមិនអាចជួបកូនស្រីទាំងពីរ Clara និង Maeva ទៀត។    

“រាល់ថ្ងៃខ្ញុំបោកខោអាវរបស់ខ្ញុំដោយដៃ។ ដៃរបស់ខ្ញុំពិតជាវេទនាណាស់។ ហើយពេលនេះខ្ញុំធ្វើការនៅកសិដ្ឋានមួយកន្លែង។ សូម្បីផ្ទះមួយកន្លែងនៅ Enfield ក៏ត្រូវប្រគល់ឲ្យប្រពន្ធទៀត។ ខ្ញុំគ្មានលុយដើម្បីប្ដឹងតទាមទារទេ។ បច្ចុប្បន្នកំពុងរស់នៅផ្ទះនោះ ខ្ញុំពិតជាខ្លាចណាស់ ព្រោះមិនដឹងពេលណាប៉ូលិសនឹងមកដេញនោះទេ ពេលខ្លះត្រូវទៅដេកផ្ទះមិត្តភ័ក្ដិ”។

Eboue ដែលបាត់បង់អាជីពបាល់ទាត់ដោយសារជំងឺធ្លាប់លេងឲ្យ Arsenal ៧ឆ្នាំពី២០០៤ដល់២០១១ មុនពេលចាកចេញទៅក្លឹបនៅប្រទេសទួរគី Galatasaray។ ក្រោយស្នាក់នៅទួរគី៥ឆ្នាំ គេក៏បានត្រលប់មកអង់គ្លេសវិញ ដោយមករួមរស់ជាមួយ Sunderland។ គ្រានោះគេត្រូវបានពិន័យពី FIFA មិនឲ្យលេងបាល់មួយឆ្នាំ ដោយចោទមិនបានបង់ប្រាក់ដល់អតីតភ្នាក់ងារ បន្ទាប់មកត្រូវ Sunderland បណ្ដេញចេញតែម្ដង។ ចាប់ពីពេលនោះមកជីវិតរបស់ Eboue កាន់តែដាបទៅៗដល់បច្ចុប្បន្ន៕