ភ្នំពេញ៖ តារាចម្រៀងដ៏អភ័ព្វ ពៅ បញ្ញាពេជ្រ រស់នៅក្នុងភាពពិការ ដោយសារខ្មាន់កាំភ្លើងឫស្យាបាញ់ប្រហារនាងកាលពីឆ្នាំ២០០៧។ ថ្មីៗនេះ នាងបានបង្ហោះសាររៀបរាប់ពីវាសនាខ្លួនឯងលើបណ្តាញសង្គមហ្វេសប៊ុកថា «បានប៉ុណ្ណាយកប៉ុណ្ណឹង! ខ្ញុំមិនចង់ពិការបែបទេ តែអាការៈខ្ញុំគឺមិនមានសង្ឃឹម តែបើមានផ្លូវ ទាល់តែយើងត្រូវមានលុយច្រើនសម្រាប់ចំណាយ សួរថាខ្ញុំទៅធ្វើអីបាន?»។ នាងបន្តថា «ខ្ញុំក៏ត្រៀមខ្លួនវេទនាហើយ នៅពេលដែលគ្មានអ្នកមើលថែ ព្រោះវាសនាខ្ញុំយកមកបានតែប៉ុណ្ណឹង»។

ទាក់ទិនរឿងនេះ តារាចម្រៀងរសាត់ឆ្ងាយពីសិល្បៈព្រោះរូបកាយក្លាយជាជនពិការ ពៅ បញ្ញាពេជ្រ ធ្លាប់បានឲ្យគ្រូចាប់សរសៃ ព្យាបាលដោយចលនា (នួត) ប៉ុន្តែគួរឲ្យស្តាយគ្រូនោះបានធ្វើឲ្យនាងបាក់ឆ្អឹងជើងមួយចំហៀង ដោយគេពត់ខ្លាំងពេក ហើយនាងក៏មិនដឹងឈឺដែរ។ គួរបញ្ជាក់ថា សព្វថ្ងៃតារាចម្រៀង ពៅ បញ្ញាពេជ្រ កំពុងរស់រងនូវភាពឈឺចាប់ឥតឧបមា ខណៈជើងត្រូវពិការកំរើកមិនបាន ចំណែកយុត្តិធម៌ហាក់នៅឆ្ងាយសន្លឹម៕