ភ្នំពេញ៖ ទាហានឈរជើងនៅតំបន់ប្រាសាទព្រះវិហារម្នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ទាំងរូបភាពដ៏មហាខ្លោចផ្សា ជើងទាំងពីរត្រូវខ្ទេចខ្ទាំ ឃើញតែពណ៌លោហិត ក្រោយជួបគ្រោះ ជាន់មីន ពេលដើរល្បាតជាប់ព្រំដែនប្រទេសថៃ។ យោធាជួបគ្រោះថ្នាក់នោះ ត្រូវបានគេដឹងថាឈ្មោះ មី មន អាយុ៤១ឆ្នាំមានប្រពន្ធ និងកូនស្រី២នាក់ កូនបង អាយុ៨ឆ្នាំ និងកូនស្រីពៅ អាយុ២ឆ្នាំ ដែលមានទីលំនៅបច្ចុប្បន្ន ភូមិប្រគោល ៨ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ក្នុងទិដ្ឋភាពគួរឲ្យអាសូរនោះ ស្ត្រីវ័យ ៣០ឆ្នាំប្លាយ ត្រូវជាប្រពន្ធរបស់ទាហានរងគ្រោះបានប្រាប់ថា «ពេលនេះប្តីខ្ញុំ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា រាជធានីភ្នំពេញ»។ ប្រភពដដែលបានបន្តថា «ចាប់ពីពេលនេះទៅ ខ្ញុំគ្មានអ្វីទីពឹងទេ។ ម្ល៉ោះហើយមានតែម្រាមដៃដប់ សំពះសូមបងប្អូនសប្បុរសជនទាំងក្នុងនិងក្រៅប្រទេស មេត្តាជួយគ្រួសារនាងខ្ញុំផង»៕