ភ្នំពេញ៖ ខណៈកំពុងជួបរឿងស្មុគស្មាញ តារាសម្តែងតួទឹកភ្នែក នី មុន្នីនាថ បានបង្កើតកម្មពីធីជប់លៀងមួយយ៉ាងសប្បាយ ដែលមានវត្តមានចូលរួមពីសំណាក់តារាៗមួយចំនួន រួមទាំងសាច់ញាតិរបស់នាងផងដែរ។ ចំណែកឯរឿងអតីតគូដណ្តឹងប្តឹងទារសំណងរាប់ម៉ឺនដុល្លារនោះ តារាសម្តែង នី មុន្នីនាថ ហាក់មិនខ្វល់ខ្វាយឡើយ ពោលសូម្បីតែតុលាការកោះហៅក៏នាងមិនចូលបំភ្លឺដែរ។

ការសម្តែងពីកាយវិការមិនខ្វល់នេះ អ្នកស្គាល់តារារូបនេះ បានបង្ហើបថា «នាងធ្វើមិនខ្វល់មែន ប៉ុន្តែនាងក៏មិនសប្បាយចិត្តប៉ុន្មានដែរ និយាយទៅនាងកំពុងតែរកវិធីដោះស្រាយ»។ ពាក់ព័ន្ធនឹងពិធីជប់លៀងកាលពីថ្ងៃទី២៨ ធ្នូ កន្លងទៅនេះ ប្រភពដដែលបានបន្តថា «មុន្នីនាថ ធ្វើពិធីនេះ ដើម្បីអបអរសាទរបុណ្យឆ្លងឆ្នាំ២០១៧ ចូល ២០១៨ ហើយក៏ជាឱកាសមួយដើម្បីកាត់បន្ថយស្ត្រេសរបស់នាងផងដែរ»៕