សៀមរាប៖ រឿងរ៉ាវហឹង្សារវាងកូនមន្ត្រីប៉េអឹមស័ក្ក ៤ បានចុះពីលើឡានធាក់ផ្តួលម៉ូតូយុវជនម្នាក់ និងវាយជាង ១០ដៃ បណ្តាល​ជនរងគ្រោះស្ទើរស្លាប់។ ហេតុ​ការ​ណ៍បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​នោះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៣ និង​១៥​នាទី រសៀល​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០១៨ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៦៧ មុខ​វិទ្យាល័យ​ស្រែ​ណូ​យ ក្នុងភូមិ​វត្ត ឃុំ​ស្រែ​ណូ​យ ស្រុក​វ៉ា​រិ​ន ខេត្តសៀមរាប​។ បើ​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ប្រាប់​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​លោក ហេ យ៉ែ​ម ហៅ​ដូ ជា​ប៉េ​អឹ​ម និង​កូនប្រុស បាន​បើកឡាន​ម៉ា​កវី​ហ្គោ ពណ៌​ស្ករ ពាក់​ស្លាក​លេខ សៀមរាប 2B-2122 ក្នុង​ទិស​ដៅ​ស្រប​ទិស​គ្នា ពី​ជើង​ទៅ​ត្បូង ដោយ​ជន​ដៃដល់​ជា​អ្នក​បើក ត្រូវជា​កូន​មេ​ប៉េ​អឹ​ម​ស្នាក់​ការ​៦៧២​។

លុះ​មក​ដល់​ចំណុច​កើតហេតុ អ្នក​បើករថយន្ត​បាន​ចុច​ស៊ី​ប្លេ​សុំ​វ៉ា ម៉ូតូ​យុវជន​ដែល​ជា​ជន​រង​គ្រោះ​មានឈ្មោះ ហ៊ឹ​ម បូ​ទី អាយុ​១៧​ឆ្នាំ រស់នៅ​កើតហេតុ​ខាងលើ ក្នុង​ដំណើរ​ស្រប​ទិស​គ្នា ពី​ជើង​មក​ត្បូង តែ​ទំនងជា​វ៉ា​មិន​បាន​ដូច​ចិត្ត ទើប​ពួក​គេ​ឈប់​រថយន្ត ហើយ​ជេរ រួច​ចុះ​មក​វាយ​ទៅ​លើ​យុវជន​រង​គ្រោះ​តែ​ម្តង​ទៅ​។ ជុំវិញករណីនេះ មិនត្រូវបានប្តឹងពីសំណាក់ជនរងគ្រោះ ក៏ដូចជាក្រុមគ្រួសារជនរងគ្រោះឡើយ ដោយខ្លាចមានរឿងគុំគួនទៅថ្ងៃក្រោយ ព្រោះគេជាមន្ត្រីស័ក្ក ៤ផង៕