ភ្នំពេញ៖តារាចម្រៀងប្រចាំផលិតកម្មហង្សមាស កញ្ញា សុគន្ធ នីសា ត្រូវបានទស្សនិកជនជាច្រើន ចាត់ទុកថា ជាតារាស្រីមួយដួងមាន សំឡេងផ្អែម ទឹកមុខមានមន្តស្នេហ៍ សម្រស់ស្រស់ស្អាត សាច់សខ្ចី រីឯ​សំឡេង​វិញមានទឹកដមយ៉ាងស្រទន់ ធ្វើឲ្យទស្ស​​និកជនលង់នឹងសំឡេងដ៏ផ្អែមរបស់នាងគ្រប់គ្នា។

តារាស្រី កញ្ញា សុគន្ធ នីសា មួយរយៈនេះទស្សនិកជន សង្កេតឃើញថា នាងមានភាពមមាញឹក ជាមួយ​នឹង​អាជីពជាអ្នកសិល្បៈណាស់ ទាំងសម្ដែងរឿង ធ្វើជាគណៈកម្មការ ក្នុងកម្មវិធីចម្រៀងលំដាប់ថ្នាក់ពិភពលោក «The Voice Kids Cambodia» និងការងារជាច្រើនទៀត ខណៈកាលពីម្សិលមិញ បានធ្វើឲ្យទស្សនិកជន ជាពិសេសមិត្តៗ ក្នុងហ្វេសប៊ុកចាប់អារម្មណ៍គ្រប់គ្នា ដោយសារតែនាងបានរូបដ៏ស្រស់ស្អាតមួយ ដោយលាយឡំជាមួយនឹងសារ ដែលបង្កប់ដោយអត្ថន័យជាច្រើន។

ជាការពិតណាស់ នៅក្នុង Instagram ផ្ទាល់ខ្លួនរបស់ កញ្ញា សុគន្ធ នីសា បានសរសេរថា «សុភមង្គលគឺជាជោគជ័យមួយនៅក្នុងជីវិត តែជីវិតជោគជ័យមិនប្រាកថា មានសុភមង្គលទេ»។

តារាចម្រៀង ញញឹមស្រស់សុគន្ធ នីសា បានបន្ដទៀតថា «ចេះបោះដៃទៅរកអ្វី ដែលជាអត្ថន័យពិតនៃជីវិត ព្រោះដៃរបស់យើង គឺជាអ្នកសម្រេចថា ជីវិតនេះគួរឱបទុក្ខ ឬសុខ បោះបង់ទុក្ខ ឬ សុខ បើទោះជាពេលខ្លះ របស់ដែលផ្តល់ក្តីសុខនៅពេលនេះ នឹងប្តូរជាក្តីទុក្ខនៅពេលក្រោយ ក៏មិនសំខាន់ដែរ សំខាន់គឺបច្ចុប្បន្នយើងបានអោបក្តីសុខឲ្យខ្លួនឯង បើថ្ងៃក្រោយវាផ្លាស់ប្តូរ ចាំយកការគិតនៅថ្ងៃនេះទៅពិចារណា នៅថ្ងៃក្រោយនោះម្តងទៀត ថាគួរឱបបន្ត ឬព្រលែងវាចោល»។