ភ្នំពេញ៖ ស្ត្រីម្នាក់បានស្លាប់យ៉ាងអាណោចអាធ័មបំផុត បន្ទាប់ពីប្តីកំណាចបានយកកាំបិតតាំងតោកាប់ស្ទើរដាច់ករ កាលពីពេលថ្មីៗនេះ។ ជនដៃដល់ត្រូវបានគេស្គាល់ថា មានមុខរបរជាគ្រូបង្រៀនបឋមសិក្សា ដែលបុរសនោះតែងតែប្រើអំពើហឹង្សាដាក់ប្រពន្ធស្ទើរមិនលស់ថ្ងៃ។ នៅថ្ងៃកើតហេតុ អ្នកជិតខាងបានរៀបរាប់ថា «បុរសជាប្តីចេញទៅផឹកស៊ីបាត់មួយព្រឹក លុះត្រលប់មកវិញក៏ឈ្លោះគ្នា»។
ប្រភពដដែលបញ្ជាក់ថា «ហឹង្សាក្នុងគ្រួសារនោះ ខ្ញុំក៏មិនដឹងថាមកពីមូលហេតុអ្វីដែរ។ គ្រាន់តែឮឈ្លោះគ្នាបន្តិចក៏ស្ងាត់ទៅវិញ លុះរសៀលទើបដឹងថា ស្ត្រីជាប្រពន្ធបានស្លាប់បាត់ទៅហើយ»។ ក្រោយកើតហេតុ ជនដៃដល់ជាប្តីបានរត់គេចខ្លួនបាត់ស្រមោលឈឹង ខណៈនេះសមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ជនល្មើសមកផ្តន្ទាទោសតាមច្បាប់៕