ចិន៖ ជីវិតម្នាក់ៗកើតមក តែងតែមានការសប្បាយ កើតទុក្ខ ឈឺ និងស្លាប់ ដោយមិនមានអ្នកណាម្នាក់ជៀសរួចបានឡើយ សូម្បីតែគ្រូពេទ្យក៏នៅតែឈឺ និងស្លាប់បានដែរ។ ជាក់ស្តែង កាលពីថ្ងៃទី២៩ ធ្នូ ២០១៧ ស្ត្រីវេជ្ជបណ្ឌិតម្នាក់ ត្រូវបានស្លាប់បាត់បង់ជីវិតដោយសារតែដាច់សរសៃឈាមខួរក្បាល បន្ទាប់ពីធ្វើការមិនឈប់រយៈពេលជាង ១៨ម៉ោង។
គ្រូពេទ្យដែលស្លាប់ដោយហានីភ័យការងារនោះ ត្រូវបានគេស្គាល់ថា វេជ្ជបណ្ឌិត សៅ បៀនស៊ាង (Zhao Bianxiang) ជនជាតិចិន វ័យ ៤៣ឆ្នាំ មានតួនាទីជាអនុប្រធាននាយកដ្ឋានថែទាំផ្លូវដង្ហើមនៅមន្ទីរពេទ្យក្នុងក្រុង ស៊ិនហូ ខេត្ដ សានស៊ី ប្រទេសចិន បានដួលសន្លប់នៅមុខអ្នកជំងឺម្នាក់។ រំពេចនោះ ក្រុមគ្រូពេទ្យបានជួយសង្គ្រោះអស់ជាច្រើនម៉ោង ប៉ុន្តែជាអកុសល អ្នកស្រី សៅ បៀនស៊ាន បានស្លាប់នៅពេលនោះតែម្តង៕
