ភ្នំពេញ៖ កាលពីប៉ុន្មានខែមុន តារាចម្រៀងម្ចាស់ពាន The Voice Cambodia រដូវកាលទី១ ប៊ុត សីហា បានបង្ហាញវត្តមានម្តងលើកញ្ចក់ទូរទស្សន៍ អ៊ីធីវី ប៉ុន្តែក្រោយមកបានស្ងប់ស្ងាត់ទៅវិញ។ ស្រាប់តែពេលថ្មីៗនេះ ប្រទះឃើញតារាចម្រៀងដើមកំណើតខេត្តកំពង់ស្ពឺ ប៊ុត សីហា ធ្លាក់ខ្លួនមកច្រៀងតាមអកក្តង់រោងការ ដែលទទួលបានកម្រៃបន្តិចបន្ទួចសម្រាប់ចិញ្ចឹមប្រពន្ធ និងកូន។
រឿងរ៉ាវដ៏មិនគួរឲ្យជឿនេះ ត្រូវបានអ្នកស្គាល់តារាចម្រៀង ប៊ុត សីហា ច្បាស់បានបង្ហើបថា «រាល់ថ្ងៃ ប៊ុត សីហា ដេកឱបពានគ្មានបានការអ្វីឡើយ ហើយពេលខ្លះលោកស្ទើរតែឆ្កួតចិត្ត ត្បិតអីផលិតកម្មយក្ស ដែល សីហា សង្ឃឹមអនាគតថ្មីនោះ ហាក់មិនអើពើនឹងតារាចម្រៀងម្នាក់នេះឡើយ ដោយទុកឲ្យលោករសាត់ដូចផ្សែងគ្មានទីពំនាក់»។ យ៉ាងណាមិញ តារាចម្រៀង ប៊ុត សីហា នៅតែខំប្រឹងក្នុងអាជីពចម្រៀងតទៅទៀត ទោះជាត្រូវច្រៀងតាមរោងការក៏ដោយ៕
