ភ្នំពេញ៖តារាចម្រៀងសម័យថ្មី ឱក សុគន្ធកញ្ញា ដែលល្បីនាំមុខបានយូរ ជាង គេនៅហង្សមាស បើទោះជាពេជ្រ សោភា កំពុងខ្លាំងឡើងវិញក្តី។ភាពខ្លាំង ក្លារបស់សុគន្ធកញ្ញា នៅពេលនេះ ត្រូវបានប្រដូចថា នាងចង់ដើរតាមផ្លូវព្រាប សុវត្ថិ ដែលឈរ ជើងល្បីល្បាញជាងគេនៅហង្សមាស រហូតដល់ទៅ២០ឆ្នាំ ។

ខណៈលេចឮ ថៅកែហង្ស មាស ពេញចិត្តនូវសមត្ថភាពរបស់នាងជាខ្លាំង។ ឱក សុគន្ធកញ្ញា ដែលដើរចេញពីផលិតកម្មសាន់ដេ កាលពីឆ្នាំ២០១០ ទៅចូលជ្រកនៅទ្រនំធំ ហង្សមាស នោះ ចង់អស់សង្ឃឹម ដោយសារតែឆ្នាំដំបូង នាងមិនទទួលបានជោគជ័យល្បីខ្លាំង ឡើយ ដែលធ្វើឱ្យតារារូបនេះ មានការព្រួយបារម្ភខ្លាចដើរខុសផ្លូវ។ ប៉ុន្តែចុងឆ្នាំ២០១០ ហង្សមាស បានជឿជាក់លើសមត្ថភាពរបស់ឱក សុគន្ធកញ្ញា ហើយថៅកែធំផលិតកម្មនេះ បានពេញចិត្តនាង ព្រោះថា ដាក់បទអីក៏បានដែរ ទើបធ្វើឱ្យសុគន្ធកញ្ញា មានបទល្បីជាបន្តបន្ទាប់ ។

ដោយសារតែបទចម្រៀងល្អៗដែលចេញទៅផ្ទុះ នោះ ត្រូវបានហង្សមាស ទម្លាក់ឱ្យសុគន្ធកញ្ញា ច្រៀងជាបន្តបន្ទាប់ ទើបមកដល់ឆ្នាំ២០១៧នេះ តារារូបនេះបានឈរនៅតំណែងជាតារាស្រីលេខ១ នៅហង្សមាស គ្មានតារាស្រីណាផ្សេងទៀតរបស់ទ្រនំនេះ ដណ្តើមតំណែងនាងបានឡើយ។ ភាពល្បីនិងឈរជើងនៅលើគេក្នុងចំណោមតារាស្រីនៅហង្សមាស ដែលមានរហូតដល់ទៅ១៧ នាក់នោះ ត្រូវបានប្រៀបធៀបតារាចម្រៀងឱក សុគន្ធកញ្ញា ថា អាចដើរតាមផ្លូវកំពូលតារាចម្រៀង ព្រាប សុវត្ថិ ដែលឈរជើងបានយូរជាងគេ ដោយល្បីល្បាញរហូតមកដល់ឆ្នាំ២០១៧នេះ មានរយៈពេល២០ឆ្នាំទៅហើយ ។