ភ្នំពេញ៖ ក្រោយការជ្រើសរើសកូនប្រុសទាំង៣ របស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ ចូលជា​តារាចម្រៀងថ្មីរបស់ផលិតកម្មហង្សមាសនោះ មានមតិមួយចំនួនបានរិះគន់ថា ហង្សមាស ជ្រើសរើសអ្នកចម្រៀងតាមខ្សែ មិនគិតការប្រឡងប្រជែងឲ្យស្មើភាពគ្នាទេ។

ដើម្បីស្រាយបំភ្លឺនូវមតិរិះគន់ទាំងនោះ ផលិតកម្មហង្សមាស បាន​ធ្វើសន្និសីទ​សារព័ត៌មាន​មួយកាលពីព្រឹក​មិញនេះ ដោយអ្នកស្រី អ៊ឹង គឹមលាង អគ្គនាយករងក្រុម​ហ៊ុន​ហង្សមាស បញ្ជាក់យ៉ាងច្បាស់ថា «ការយកចូលនេះ មិនមែនដោយសារខ្សែអ្វីនោះទេ តែជាសមត្ថភាពពិតប្រាកដរបស់អ្នកទាំងបី និងនិយាយរួមពួកគេសុទ្ធតែមានប្រជាប្រិយភាពស្រាប់ ពីអ្នកគាំទ្រមួយចំនួនធំ តាំងពីមុនចូលផលិតកម្មទៅទៀត»។

 អ្នកស្រីអគ្គនាយករងបានបន្តថា «ការស្វែងរកធនធានថ្មី គឺមិនមែនមើលតែលើការប្រលងមួយមុខប៉ុណ្ណោះទេ គឺយើងមានក្រុមការងារផ្សេង ចាំតាមដាន ពីអ្នកដែលមានសមត្ថភាពនៅកម្ពុជា»។ ជាមួយគ្នានោះ តារាចម្រៀងថ្មី កូនប្រុសទាំង៣ កំពូលតារាចម្រៀង ព្រាប សុវត្ថិ សុទ្ធតែប្តេជ្ញាថា នឹងខិតខំរិះរកអ្វីដែលថ្មីដើម្បីបំពេញសេចក្តីត្រូវការរបស់បងប្អូន៕