ភ្នំពេញ៖ ព្រឹកមិញនេះ ផលិតករកូរ៉េ បានចុះកិច្ចព្រមព្រៀងជាមួយផលិតកម្មចក្រវាឡពេជ្រភាពយន្ត ដើម្បីផលិតកម្មវីដេអូឯកសារវប្បធម៌មួយ ដែលរក្សាសិទ្ធិ​ដោយផលិតកម្មចក្រវាឡពេជ្រ និងស្ថានីយ៍ទូរទស្សន៍ PNN ដែលជ្រើសរើសតារាខ្មែរ ៣ដួង មកថតឈុតតំណាងឲ្យជាតិសាសន៍៣ខុសគ្នា គឺ ខ្មែរ ថៃ និងវៀតណាម។

ជុំវិញរឿងនេះ អ្នកស្រី ថុង ស៊ីវទៀង ម្ចាស់ផលិតកម្មចក្រវាឡពេជ្រ បានរៀបរាប់ថា «ខ្ញុំមានមោទនភាពណាស់ ដែលផលិតករកូរ៉េ បានចាប់ដៃគូជាមួយផលិតកម្មចក្រវាឡពេជ្រ ក្នុងការផលិត​វីដេអូវប្បធម៌កម្ពុជា ថៃ វៀតណាម»។ អ្នកស្រីបន្តថា «ក្នុងវីដេអូរយៈពេល ២០នាទីនោះ នឹងជំរុញឲ្យប្រទេសកូរ៉េ ក៏ដូចជាពិភពលោកបានស្គាល់​ទំនៀមទំលាប់ វប្បធម៌ទាំងបីប្រទេស ជាពិសេសប្រទេសកម្ពុជាតែម្តង ព្រោះកម្ពុជា​ជាម្ចាស់​ផ្ទះក្នុង​ការផលិត​វីដេអូនេះ»៕