ភ្នំពេញ៖ ហេតុការណ៍បង្ករឲ្យមានការភ្ញាក់ផ្អើលក្នុងហ្វូងមហាជន ហើយធ្វើឲ្យមានការរិះគន់មិនតិចឡើយ នៅខណៈដែលមន្ត្រីនគរបាលស័ក្ដិ ៣ម្នាក់ បានប្រើអំពើហិង្សាទាត់ធាក់ទៅលើមន្ត្រីនគរបាលចរាចរណ៍កិច្ចសន្យាម្នាក់ ចំកណ្តាលដើមទ្រូង និងទះកំផ្លៀងទាំងកំរោល នៅម្ដុំស្តុបត្រឡោកបែក រាជធានីភ្នំពេញ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ ម្សិលមិញ។

ភ្លាមៗនោះ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាដាច់ខាត ត្រូវតែចាប់ខ្លួនមន្ត្រីនគរបាលដែលជាជនដៃដល់ ដើម្បីចាត់ការតាមច្បាប់ ពោល គឺដាច់ខាតត្រូវតែចាប់បញ្ជូនទៅតុលាការ ដោយគ្មានការលើកលែងឡើយ។ ក្រោយកើតហេតុប៉ុន្មានម៉ោងជនដៃដល់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ ហើយព្រឹកនេះ មន្ត្រីនគរបាលជំនាញ បានបញ្ជូនជនសង្ស័យទៅតុលាការក្រុងភ្នំពេញ ដើម្បីដោះស្រាយតាមនីតិវិធី ។

គួរបញ្ជាក់ថា ហេតុការណ៍ មន្ត្រីស័ក្តិ៣ខាងលើ បាន​ប្រើប្រាស់​អំពើហិង្សាយ៉ាង​ព្រៃផ្សៃ​ទៅលើមន្រ្តីនគរបាល​ចរាចរណ៍ក្នុង​កិច្ចសន្យា​ម្នាក់ ពេលជួយអន្តរាគមន៍បញ្ជៀសការកកស្ទះចរាចរណ៍ ខណៈរថយន្តម៉ាក ហ្វត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AC-9099 របស់លោកមន្ត្រីដៃដល់ឈប់ចតលើចិញ្ចើមផ្លូវ៕

សូមទស្សនាវីដេអូ!!