ភ្នំពេញ៖ ពិធីករដែលទើបឈានជើងចូលហង្សមាសថ្មី សុខ រ៉ាស៊ី ក្តៅក្រហាយនឹងមនុស្សមួយចំនួនមើលងាយអ្នកជិះម៉ូតូ ថាអន់គ្មានឡានជិះ ហើយអ្នកទាំងនោះបានដើរគេចមិនសូវរាប់រកលោកទៀតផង។ រំពេចនោះ ពិធីកររូបសង្ហា សុខ រ៉ាស៊ី បាន​បង្ហោះរូប​ឡាន​ទំនើបពីរ​គ្រឿង​ឲ្យអ្នកមើលងាយលោក​ ដឹងថា លោកក៏មានឡានជិះដែរ ប៉ុន្តែលោកមិនជិះព្រោះវាស្ទះផ្លូវខ្លាំងពេក ខ្លាចទៅប្រជុំមិនទាន់ ព្រោះ​ពីផ្ទះ​លោកនៅ​ចោមចៅ ទៅក្រុមហ៊ុនហង្សមាស ត្រូវចំណាយពេល ១ម៉ោងកន្លះឯណោះ។

ទាក់ទិនរឿងនេះ សាមីខ្លូន សុខ រ៉ាស៊ី បានរៀបរាប់ថា «ធ្វើ​ជា​មនុស្ស​ដូច​គ្នា ចាំបាច់មើលងាយ អ្នកជិះម៉ូតូមិនប្រាកដថាគ្មានឡានជិះឯណា គ្រាន់តែ​ខ្ញុំមិនជិះខ្លាចទៅប្រជុំមិនទាន់»។ លោកបន្តថា «ខ្ញុំជិះម៉ូតូ និងកាន់មួកសុវត្ថិភាពចូលធនាគារគេសើចចំអក ចូលផ្សារមិនសូវនិយាយរាក់ទាក់។ តើមនុស្សអញ្ចឹងមាន​ប៉ុន្មាននាក់ទៀត?»។ យ៉ាងណាមិញ ពិធីកររូបនេះ គ្រាន់តែចង់ឲ្យមនុស្សទាំងអស់គ្នា កុំមើលមនុស្សត្រឹមតែសំបកក្រៅ ត្រូវចេះឲ្យតម្លៃគ្នាទៅវិញទៅមក ទើបរស់នៅក្នុង​សង្គមមួយបាន​សុខទាំងអស់គ្នា៕