ភ្នំពេញ៖ តារាកំប្លែងកូនក្រុមនាយ ក្រឹម ស្រីលាភ បន្ទាប់ពីផ្ទុះរឿងអាស្រូវស្នេហាមេកើយ ដែលបណ្តោលឲ្យប្រពន្ធមេកើយ(នាយ ក្រឹម)ច្រឡោតខឹង នឹងប្រកាសដាក់ពាក្យប្តឹងរឿងលូចលាក់ស្នេហ៍រហូតមានកូនភ្លោះ ទាំងកូននាយ ក្រឹម ក៏បញ្ចេញសារទួញសោកលើកពីទង្វើឆ្គងនិងគ្រួសាររបស់សឪពុកផងនោះ ។ ស្រាប់ថ្មីៗនេះ តារាកំប្លែងស្រី ដែលក្លាយជាចុងចោទ រឿងស្នេហាត្រីកោណ នាងក៏ចេញសារបន្សាប់អាស្រូវស្នេហាកំពុងបោកបក់លើនាង ។

តារាកំប្លែងស្រីរូបស្រស់នាងលាភ ដែលល្បី លួចបង្កាត់ភ្លើងស្នេហ៍ ជាមួយនាយក្រឹម តារាកំប្លែងរួមក្រុម និងជាមេដឹកនាំនៅក្នុងក្រុមនេះផង បានធ្វើឱ្យមហាជនទូទៅ និងអ្នកគាំទ្រ មានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយនឹងការរិះគន់ធ្ងន់ៗផងដែរ។ មិនតែប៉ុណ្ណោះ ក៏ល្បីថាមានការដាក់ពាក្យប្តឹងគ្នារបស់អ្នកស្រី វ៉ង់ ឡុងមុន្នី ដែលជាភរិយាដើម នាយក្រឹមផងដែរ នៅក្នុងជម្លោះរឿងស្នេហាត្រីកោណមួយនេះ។

ខណៈដែលកូនប្រុសពៅ នាយ ក្រឹម ក៏បង្ហាញការសោកស្តាយនូវទង្វើររបស់ឪពុក ក្នុងរឿងស្នេហាក្រៅផ្ទះនេះដែរ រហូតចាកចេញពីផ្ទះ ដែលធ្វើឲ្យរូបគេបារម្ភពីស្ថានភាពជំងឺ និងកង្វះថវិការព្យាបាលជំងឺខួឆ្អឹងខ្នង។ ក្រោយព្យុះអាស្រូវស្នេហាត្រីកោណ រាងស្ងប់បន្តិចនោះ នាងលាភ ដែលល្បីថាជាភរិយាលួចលាក់ នាយ ក្រឹម និងកំពុងតែពរពោះកូនភ្លោះ៥ខែក្នុងផ្ទៃ នាងក៏បានបង្ហោះសារមួយ បន្ទាប់ពីមានការរិះគន់ និងការមើលងាយ ពីសំណាក់មហាជនទូទៅ។

 

សារនោះមានអត្ថន័យថា៖«បើអ្នកមិនដឹងពីខ្ញុំ អាចសួរខ្ញុំបាន បើអ្នកមិនពេញចិត្តខ្ញុំ អាចប្រាប់ខ្ញុំបាន សុំតែម្យ៉ាងកុំវាយតម្លៃខ្ញុំតាមតែនឹកឃើញ»។ រហូតមកទល់ពេលនេះ គឺគ្រប់យ៉ាង នៅតែស្ថិតក្នុងភាពស្រពិចស្រពិលនៅឡើយ ទាក់ទងនឹងរឿងនាង លាភ ជាមួយនឹង នាយ ក្រឹម ដោយមិនទាន់ដឹងច្បាស់ ថាតើពួកគេ ពិតជា ទំនាក់ទំនងស៊ីជម្រៅ ដូចពាក្យចចាមអារ៉ាម មែនឬយ៉ាងណា។ ប៉ុន្តែមុននេះនាយ ក្រឹម បានបង្ហាញតម្រុយថា បើអ្វីៗវាកើតឡើងហើយ មានតែបណ្តោយតាមនឹងទៅ ហើយលោកថា យ៉ាងណា ខ្ញុំនាយ ក្រឹម នៅតែធ្វើជាឪពុកល្អនិងប្តីល្អក្នុងគ្រួសារមួយដដែល មិនឲ្យខាងណាមួយអស់សង្ឃឹមនោះឡើយ។