ភ្នំពេញ៖ បង្កឲ្យមានការភ្ញាក់ផ្អើលទាំងយប់ ខណៈស្ត្រីម្នាក់បានស្រែកឆោឡោថា «ចោរឆក់កាបូប» ថែមទាំងជិះម៉ូតូដេញ​តាមពីក្រោយ​យ៉ាង​លឿន​ទៀតផង។ រំពេចនោះ សមត្ថកិច្ចបានស្ទាក់ចាប់បានបុរសម្នាក់ និងនារីរួមដំណើរម្នាក់ នៅម្តុំផ្សារដើមគរ កាលពីយប់ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨។

ក្រោយពីសួរនាំ ទើបដឹងថា ជាករណីហួសចិត្ត ប្ដីលួចមានស្រីស្នេហ៍ថ្មី តែប្រពន្ធតាមទាន់ ក៏ស្រែកថាចោរទៅវិញ។ ទាន់ទិនរឿងនេះ បុរសជាប្តីបានរៀបរាប់ថា រូបគេមានទំនាក់ទំនងជាមួយនារីជាសង្សារជាង ៣ខែមកហើយ ហើយនៅយប់កើតហេតុរូបគេ​បានឌុបស្រីស្នេហ៍ទៅដើរលេង ប៉ុន្តែត្រូវប្រពន្ធតាមទាន់ និងស្រែកឆោឡោតែម្តង។

ទោះជាយ៉ាងណា ក្រោយធ្វើកំណត់ហេតុ សមត្ថកិច្ច បានសម្រប​សម្រួលប្តីនិងប្រពន្ធ ឲ្យត្រូវរ៉ូវគ្នា ដើម្បីបញ្ចប់រឿង និងអនុញ្ញាតឲ្យពួកគេត្រលប់ទៅផ្ទះវិញ៕