ភ្នំពេញ៖ អ្វីៗបានលេចឡើង ដូចនឹងព័ត៌មានដ៏រន្ទឺមុននេះហើយ ដែលថា វត្តមានតារាសម្តែងភាពយន្តវ័យជាង៥០ឆ្នាំ អ្នកនាង អម្ពរ ទេវី ដែលរស់នៅប្រទេសអាមេរិក និងវិលមកប្រទេសកំណើត ដើម្បីមកទទួលការងារភាពយន្តភាគឲ្យស្ថានីទូរទស្សន៍ស៊ីធីអ៊ី។ ដែលកាន់តែភ្ញាក់ផ្អើលលើដំណឹងនេះ គឺនៅរសៀលថ្ងៃទី១១ខែមករា នេះ គឺវត្តមានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ របស់វីរៈសិល្បការិនី ផ្នែកសម្តែងភាពយន្តនេះ ក៏មានតារាសិល្បៈខ្មែរបង្ហាញវត្តមានសាទរដំណើរមកដល់របស់អ្នកស្រីអម្ពរ ទេវី យ៉ាងច្រើន កុះករ ។

ដែលក្នុងនោះក៏ឃើញមានវត្តមានអតីតស្វាមីរបស់អ្នកស្រី គឺ អតីតតារាភាពយន្តជើងចាស់ លោក ពេជ្រ ភារុណ ក៏អញ្ជើញទៅសាទរដំណើរមកដល់របស់អតីតភរិយាផងដែរ។ ជាមួយនិងវត្តមានរបស់អ្នកស្រីត្រូវបានទម្លាយឲ្យដឹងថា« អ្នកនាង អម្ពរទេវីមកកាន់កម្ពុជារយៈពេល ២ ខែ គឺក្នុងគោលបំណងថតរឿងភាគថ្មីឲ្យផលិតកម្ម Red Picture រឿង “ឆន្ទា” ដាក់បញ្ចាំងនៅទូរទស្សន៍ CTN និងផលិតកម្ម LD រឿង “កាកី” គ្រោងនឹងដាក់បញ្ចាំងនៅទូរទស្សន៍ PNN»។ បញ្ជាក់ផងដែរការបង្ហាញវត្តមានលើកទី២នេះដែរទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជនទាំងក្នុង និងក្រៅសិល្បៈ។