ភ្នំពេញ៖ តារាចម្រៀងជើងចាស់អ្នកនាង ម៉េង កែវជ្ជតា ថ្វីត្បិតប្រឡូកសិល្បៈយូរយ៉ាងណាក្តី ប៉ុន្តែប្រជាប្រិយភាពអ្នកនាងនៅតែទទួលបានការគាំទ្រពីមហាជនតាមរយៈទឹកដមសំនៀងដ៏ស្រទន់។ ក្នុងនោះផងដែរអ្នកនាងមានកូនប្រុស កូនស្រី ២នាក់ដែលបានសិក្សានៅក្រៅប្រទេស ចេះលេងកូតវីយូឡុង និងលេងព្យាណូ យ៉ាងស្ទាត់ជំនាញ ជាកូនប្រកបដោយគន្លងធម៌។

ជាក់ស្តែងណាស់ថ្មីៗនេះអ្នកនាងបានសម្តែងអារម្មណ៍រំភើបព្រោះតែកូនប្រុសច្បងសុំសាងផ្នួសសងគុណម្តាយក្នុងខែខួបកំណើតរបស់ខ្លួន។ អ្នកនាងបានរៀបរាប់នៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា៖ ក្នុងខែខួបកំណើតឆ្នាំនេះ កូនប្រុសច្បងរបស់ខ្ញុំ ពេជ្រ រតនៈ គាត់មិនបានសុំកាដូ ឬការប្រារព្ធពិធីខួបអ្វីទេ តែគាត់បែរជាសុំសាងផ្នួសដើម្បីសងគុណមាតាទៅវិញ ម្ត៉េចក៏ចេះអ្វីយ៉ាងនេះកូន ? កូនពិតជាអ្នកមានកត្តញ្ញូមែន ម៉ែលួចស្រក់ទឹកភ្នែកម្តងៗដោយក្តីរំភើប ពេលឃើញកូនក្លាហាន លះបង់ និងជ្រះថ្លានឹងព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃបែបនេះ។ ម៉ែសែនមានមោទនភាពណាស់ដែលមានកូនប្រុសចេះដឹងគួរឲ្យគោរព កូនគឺជាអ្នកមានបុណ្យពិតៗមកចាប់កំណើតនឹងម៉ែ ។ ម៉ែសូមឲ្យលោកកូនបានសម្រេចនូវកុសលដ៏ឧត្តមនេះ និងសម្រេចបាននូវបំណងទាំងឡាយរបស់លោកកូន សូមលោកកូនមានសំណាងខ្ពស់ មានយសមានសម្បត្តិ និងមានអនាគតថ្លៃថ្លាសុខគ្រប់ប្រការឈ្នះអស់ពួកមារពេញមួយជីវិតណាកូនមាសម្តាយ។ក្នុងឱកាសដ៏ឧត្តុងឧត្តមនេះដែរ នាងខ្ញុំក្នុងនាមជាម្តាយ សូមលើកហត្ថប្រណម ថ្លែងអំណរអរគុណដល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ដ៏ខ្ពង់ខ្ពស់ដែលលោកបានភ្ជាប់និយស្ស័យនូវបច័្ចយដោយមហាសទ្ធាជ្រះថ្លា ក្នុងពិធីបំបួសនេននេះ។ នាងខ្ញុំតំណាងឲ្យលោកកូននេន កូនស្រី និងក្រុមគ្រួសារត្រកូលម៉េង សូមបួងសួងដល់វត្ថុសក្តិសិទ្ធលើលោក សូមជួយបីបាច់ថែក្សាសម្តេច និងសម្តេចអគ្គមហាសេនាតេជោ ព្រមទាំងកូនៗ ចៅៗជាទីស្រលាញ់ឲ្យមានក្តីសុខ សុខភាពល្អ និងមានជ័យជំនះក្នុងកិច្ចដឹកនាំរហូតតទៅ ។