ថៃ៖ បុរសវ័យ៧៤ឆ្នាំ ជាជនជាតិជប៉ុន ឈ្មោះ Shineharu Shirai ដែលកំពុងរស់នៅប្រទេសថៃ ត្រូវបានប៉ូលិសអន្តរជាតិចាប់ខ្លួន។ ដោយយោងតាមបណ្ដាញសង្គមផ្សព្វផ្សាយក្នុងស្រុកថៃ បានឲ្យដឹងថា «លោក Shirai ជាមនុស្សនៅក្នុងក្រុមអ្នកលេងដ៏ល្បីមួយឈ្មោះ Yakuza ដែលប៉ូលិសជប៉ុនតាមចាប់ខ្លួនជាយូរណាស់មកហើយ ជុំវិញរឿងសម្លាប់បុរសម្នាក់ ដែលជាសមាជិកក្រុមជាគូប្រជែង កាលពីខែកក្កដា ឆ្នាំ២០០៣»។

តាចាស់វ័យ៧៤ឆ្នាំ ដែលជាមុខសញ្ញាឃាតករ រូបនេះ មានជាប់ពាក់ព័ន្ធនឹងរឿងក្ដីសម្លាប់មនុស្សកាលពី១៥ឆ្នាំ នៅក្នុងប្រទេសជប៉ុន ហើយរត់មកលាក់ខ្លួននៅប្រទេសថៃ តាំងពីឆ្នាំ២០០៥មកម៉្លេះ។ ដែលទើបតែថ្ងៃទី១០មករានេះ ក៏ត្រូវប៉ូលីសថៃចាប់ខ្លួននៅនឹងតុលេងអ៊ុក បកអាវបង្ហាញរូបស្នាមសាក់ពេញដងខ្លួន ធ្វើឲ្យអ្នកលេងអ៊ុកជាមួយ ផ្ទុះការភ្ញាក់ផ្អើលជាមួយនិងការភ័យខ្លាច ពេលដឹងរឿងអតីតកាលតា លេង អ៊ុកវ័យ៧៤ឆ្នាំរូបនេះ។