ភ្នំពេញ៖ ក្រោយពីលោក ចា រិទ្ធី បានធ្វើការប្រកាសស្វែងរករកស្រ្តីវ័យចំណាស់ ផាន ស៊ីណា មកឡើងបង្ហើរសំនៀងនៅស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍។ ថ្មីៗនេះមានបណ្ដាញសង្គមទម្លាយថាបងស្រីជាពលករនៅថៃដែលមានសម្លេងពីរោះតែងតែឃើញតាមហ្វេសប៊ុក និង Smule ខណៈនេះក្រុមគ្រួសារកំពុងជួបការលំបាករកអ្វីហូបពុំបាន ហើយថែមទាំងមានជំងឺផងរស់នៅក្នុងខ្ទមដ៏កំសត់ទៀត។

ទាក់ទងនឹងរឿងរ៉ាវនេះ តារាញូស៍បានធ្វើការសម្ភាសន៍អ្នកស្រីដោយផ្ទាល់ផងដែរ ដោយអ្នកស្រីបានរៀបរាប់ថា «បន្ទាប់ពីលោក ចា រិទ្ធី អាញ្ចើញខ្ញុំឡើងប៉ុស្តិ៍អាស៊ីអាគ្នេយ៍ ខ្ញុំស្មានថាគាត់អញ្ចើញខ្ញុំមកមានកន្លែងឲ្យខ្ញុំច្រៀងប្រចាំថ្ងៃ ដើម្បីយកប្រាក់ទៅចិញ្ចឹមគ្រួសារ ប៉ុន្តែឡើងប៉ុស្តិ៍រួចហើយក៏ស្ងាត់ឈឹងតែម្ដង»។

អ្នកស្រីបន្តទៀតថា «កន្លងមក កាលនៅប្រទេសថៃខ្ញុំច្រៀងនៅក្នុងខារ៉ាអូខេ Smule និងបង្ហោះតាមហ្វេសប៊ុក ជួនកាលពេលបងៗគាត់នៅប្រទេសក្រៅឃើញ គាត់អាណិតអាសូរក៏ផ្ញើលុយមកឲ្យបន្តិចបន្តួចសម្រាប់ទិញចំណីឲ្យកូនហូប»។

កិច្ចសម្ភាសន៍អ្នកស្រីដដែលបន្តថា «ពេលនេះ ខ្ញុំនិងកូនក៏ត្រូវបានឪពុកក្មេកដេញចេញពីផ្ទះទៀត ដោយសារក្មេងៗឈ្លោះគ្នាពេលនោះគាត់ស្រវឹងស្រាហើយវ៉ៃកូនខ្ញុំហើយក៏បណ្ដេញខ្ញុំនិងកូនចេញតែម្ដងទៅ។ ចំណែកប្ដីខ្ញុំគាត់ធ្វើកានៅថៃ គាត់មិនដឹងរឿងនេះទេ»។