ភ្នំពេញ៖ នាទសវត្សទី២១ ខណៈប្រពន្ធបច្ចេកវិទ្យាកំពុងមានសន្ទុះយ៉ាងខ្លាំង ក្នុងនោះផ្នែកសិល្បៈសម័យ ដណ្តើមបានទីផ្សារគាំទ្រលើសិល្បៈបុរាណ។ ទន្ទឹមនោះ ក៏មានមតិជាច្រើនលើកឡើង ជុំវិញរឿងនេះថា «បើមើលទៅលើការសម្ដែងសិល្បៈបុរាណ និងសម័យ ឃើញថាសិល្បៈសម័យមានយុវវ័យទៅមើលច្រើនគាំទ្រ ហើយសិល្បៈបុរាណមានមនុស្សចាស់ទៅមើលច្រើននិយម។ តើនេះដោយមូលហេតុចម្បងអ្វីខ្លះ ? លោកព្រឹទ្ធាចារ្យ ព្រឿង ឈាង បានពន្យល់ភ្ជាប់នឹងន័យប្រៀបធៀបថា មនុស្សសម័យថ្មី ញ៉ាំឈីស ចាស់បុរាណញ៉ាំប្រហុក។

ក្នុងនោះ លោកព្រឹទ្ធាចារ្យ បានរៀបរាប់ថា «ក្មេងប្រៀបបាន នឹងសំឡីដែលមិនទាន់ជក់ប្រេង បើយើងដាក់អ្វីទៅ វានឹងជក់របស់នោះ។ ដោយឃើញបែបនេះ ក្រសួងកំពុងកែលម្អប្រព័ន្ធអប់រំថ្នាក់ជាតិ តាំងពីថ្នាក់មត្តេយ្យ រហូតដល់វិទ្យាល័យ ដើម្បីបញ្ចូលកម្មវិធីសិក្សាសិល្បៈបុរាណ ឱ្យកាន់តែមានប្រសិទ្ធភាព»។

ពាក់ព័ន្ធកានរនិយមនេះទៀតសោត លោកព្រឹទ្ធាចារ្យ បានពន្យល់បន្ថែមថា «តាមពិត ក្រសួងបានបញ្ចូលកម្មវិធីនេះ តាំងពីឆ្នាំ ១៩៨០ តែហាក់ដូចជាមិនសូវបានលទ្ធផលល្អ ដូច្នេះក្រសួងរប្បធម៌ បានរកវិធីយ៉ាងណា ដើម្បីបញ្ជ្រាបសិល្បៈបុរាណ ទៅដល់កុមារឱ្យកាន់តែមានប្រសិទ្ធភាព»។

គួរបញ្ជាក់ថា បច្ចុប្បន្នក្រសួងពាក់ព័ន្ធបានដាក់ពីថ្នាក់មត្តេយ្យទៅ មានតន្ត្រី ចម្រៀង របាំ គំនូរ ចម្លាក់ ដោយគ្រាន់តែឱ្យគាត់ស្គាល់សិនទេ ហើយគ្រូអប់រំបន្ថែម ដើម្បីឱ្យក្មេងយល់ពីតម្លៃសិល្បៈបុរាណបណ្ដើរៗ ពោលធ្វើយ៉ាងនេះ ក្មេងនឹងបានស៊ាំ ហើយស្រលាញ់សិល្បៈបុរាណតាំងពីក្មេង៕