ក្រចេះ​៖ ​ក្នុង​ហេតុការណ៍​ស្មាន​មិន​ដល់ បុរស​ជា​កម្មករវ័យ៥៣ឆ្នាំម្នាក់ ​បាន​ស្លាប់​នៅ​ក្នុង​រណ្តៅ​ដី​ប្រឡាយ​ ដោយសារ​តែ​ត្រូវ​ដី​បាក់​សង្កត់ កាលពី​រសៀល​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០១៨ ស្ថិត​ក្នុង​ក្រុង​ក្រចេះ ខេត្តក្រចេះ ។

តាមប្រភពក្នុងរួមការងារបានរៀបរាប់ថា «ពេលកំពុងជីកដីជម្រៅ ១ម៉ែត្រ គេឃើញដីរកកលចង់បាក់ បន្ទាប់មកពួកគេបាននាំគ្នាឡើងមកលើ រួមទាំងជនរងគ្រោះផងដែរ។ រំពេចនោះ ជនរងគ្រោះបានចុះរើសបារីវិញ ខណៈកំពុងឱនរើសបារី ដីបាក់សង្កត់​បណ្តាលឲ្យស្លាប់ភ្លាមៗ ទោះពួកគេព្យាយាមជួយកាយដីយ៉ាងណា ក៏មិនអាចជួយសង្គ្រោះបានឡើយ»។

ក្រោយធ្វើកោសល្យវិច័យ សមត្ថកិច្ចបានប្រគល់សព​ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅខេត្តព្រៃវែង៕