អាមេរិក៖ តារាភាពយន្តដ៏ល្បីក្នុងអំឡុងឆ្នាំ១៩៨០ អ្នកស្រី សុខ ស្រីមុំ បានប្រើជីវិតជាងពាក់កណ្តាល រស់នៅយ៉ាងសប្បាយរីក​រាយ នៅលើដឹកដីស៊ីវិល័យ សហរដ្ឋអាមេរិក ដោយមិនខ្វល់ពីអាជីពសម្តែងភាពយន្តទៀតឡើយ ខុសប្លែកពីតារាភាពយន្តរួមជំនាន់​ ដែលមាន​វាសនាបានទៅរស់នៅលើទឹកដីអាមេរិកដូចគ្នា នោះគឺអ្នកស្រី អម្ពរ ទេវី។

អ្នកស្រី អម្ពរ ទេវី បានវិលមកប្រទេសកម្ពុជាលើកទី២ ដើម្បីសម្តែង​រឿងភាគមួយឲ្យស្ថានីយទូរទស្សន៍ ស៊ីធីអ៊ិន ដែលរឿងភាគនោះ ត្រូវបានគេដឹងថារឿង «ឆន្ទា»។ អ្នកស្រី អម្ពរ ទេវី ធ្លាប់បានប្រាប់​ថា អ្នកស្រីមកសម្តែងលើកនេះ ដើម្បីបំពេញចិត្តអ្នកគាំទ្រ និងផលិតករប៉ុណ្ណោះ ពោលគឺតារាសម្តែងជើងចាស់ម្នាក់នេះ ថតតែមួយរឿងទេ អ្នកស្រីនឹងវិលទៅអាមេរិកវិញ ព្រោះអ្នកស្រីកំពុងមមាញឹកនៅនឹងការរកស៊ីនៅអាមេរិកជាមួយស្វាមីក្រោយ។

យ៉ាងណាមិញ អ្នកស្រី សុខ ស្រីមុំ ត្រូវបានប្រជាជនខ្មែរស្គាល់មួយចំហៀងប្រទេសនោះ ហាក់មិនចាប់អារម្មណ៍នឹងអាជីពសិល្បៈ ដែលជាការងារស្ពានចម្លងនាងបាន​ទៅរស់​នៅលើទឹកដីអាមេរិកឡើយ។ បើតាមការកត់សម្គាល់ពីសំណាក់មិត្តចាស់រួមជំនាន់ បានបង្ហើបថា «សុខ ស្រីមុំ បានប្រើជីវិតដ៏រីករាយ និងស៊ីវិល័យ រស់នៅអាមេរិក មិនមានបំណងវិលចូលប្រឡូកក្នុងវិស័យសិល្បៈម្តងទៀត ដូច អម្ពរ ទេវី ឡើយ»។