ភ្នំពេញ៖ បុរសសន្តិសុខកម្សត់ស្នេហ៍ម្នាក់ បានដាច់ចិត្ត យកអាយកូម និង ដុំថ្ម​វាយ​បំបែក​ក្បាល​ខ្លួនឯងឱ្យហូរឈាម​ស្រោច​ប្រាណ ព្រោះចង់បង្ហាញ ភាពស្មោះស្នេហ៍ ជូននារីម្នាក់ ដែលខ្លួនលួចស្រលាញ់ នៅទល់មុខផ្សារទួលសង្កែ ក្នុងសង្កាត់ ទួលសង្កែ ខណ្ឌឬស្សីកែវ កាលពីវេលាម៉ោង ៩និង៤០យប់ ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០១៨។

ស្ថិតក្នុងស្ថានភាព​ដ៏​ប្រឈម​គ្រោះថ្នាក់​​បំផុត បុរសរូបនេះ មានបដិសេធមិនព្រមឲ្យគេយកទៅមន្ទីរពេទ្យឡើយ ដោយរង់ចាំ​ជួប​នារី​ក្នុង​សុបិនរបស់លោក​សិន ប៉ុន្តែនារីរូបស្រស់ដែលកំលោះសន្តិសុខតាមស្នេហ៍នោះ មិនបានមកជួបឡើយ។ ដោយឃើញឈាមហូរច្រើនពេក ប្រជាពលរដ្ឋបាននាំគ្នាជំរុញឲ្យគ្រូពេទ្យយកទៅសង្គ្រោះជីវិតសិន ដោយនិយាយបុរសនោះថា «ទៅពេទ្យសិនទៅ សង្សារបងនឹងទៅតាមក្រោយ»។

ជុំវិញរឿងនេះ មិនដឹងមូលហេតុអ្វីបានជាបុរសនោះវាយបំបែកក្បាលខ្លួនឯងទេ ព្រោះបុរសរងរបួសមិនអាចនិយាយបាន ចំណែកឯនារីជាសង្សារ មិនអាចសុំការបំភ្លឺបាន៕