ភ្នំពេញ៖បន្ទាប់ពីនាំតារាស្រីល្បីៗ២-៣នាក់ បង្កើតទស្សនីយភាពប្លែកភ្នែកក្នុងបទចម្រៀង ឥឡូវនេះ អេនឌី ចេញស្ទីលថ្មីទៀតជាមួយស្រីស្រស់ ពេជ្រ អាវីហ្សា ដោយស៊ិចស៊ីជាមួយក្ដារមឈូសតែម្ដង ថែមទាំងមានបង្កប់សារពិសេសផង។

ពាក់ព័ន្ធស្ទីលប្លែកភ្នែកខាងលើ អេនឌី ប្រាប់ថា នោះជាបែបបទថ្មីនៃសិល្បៈរបស់លោក ដែលចង់ផ្ដល់ប្រិយមិត្តនូវភាពមិនសុំាភ្នែក ១ផ្នែកជាមួយ ពេជ្រ អាវីហ្សា ដែលខ្ញុំខកខានការងារសិល្បៈបែបនេះជាយូរមកហើយ។ មួយផ្នែកទៀត ជាមួយក្ដារមឈូសនេះ គឺដើម្បីភាពទាក់ទាញមួយបែបទៀត។ ប៉ុន្តែជាមួយគ្នានេះ ខ្ញុំក៏មានបង្កប់រឿងផ្សេងពីក្រោយរូបភាពទាំងនេះ។

លោកថា ប្រជាពលរដ្ឋភាគច្រើនពេលបានឃើញក្ដារមឈូស តែងមានអារម្មណ៍មិនល្អ ខ្លាច ដោយសារនោះជាទីសំចតចុងក្រោយនៃរាងកាយគ្មានវិញ្ញាណរបស់មនុស្សគ្រប់គ្នា។ ដូច្នេះហើយ ក្នុងន័យនេះ សាររបស់ខ្ញុំ គឺក្រើនរំលឹកដល់ខ្លួនឯង និងសាធារណជនថា មុននឹងបិទភ្នែកចោលលោកនេះទៅ គប្បីធ្វើរឿងល្អទុកកេរ្តិ៍ឈ្មោះអោយគេចងចាំ ចៀសវាងធ្វើអំពើដែលគេមិនចង់ឲ្យនៅ។