សៀមរាប៖ លោក ស្កុត ណេសិន ស្ថាបនិកមូលនិធិកុមារកម្ពុជា បាននាំស្ត្រីវ័យចំណាស់ៗជាង ៣០នាក់ ទៅកំសាន្តនៅប្រាសាទអង្គរវត្ត ដើម្បីបំពេញបំណងប្រាថ្នារបស់ពួកគាត់ កាលពីព្រឹកថ្ងៃ១៦ ខែមករា ឆ្នាំ២០១៨។ បុរសជនជាតិស្កុតឡែន សញ្ជាតិខ្មែរ លោក ស្កុត បានសរសេររៀបរាប់លើបណ្តាញសង្គមហ្វេសប៊ុកថា «ក្រោយទទួលបានជំនួយពីសប្បុរសជន ខ្ញុំបាននាំលោកយាយចាស់ៗ ទៅកំសាន្តនៅអង្គរវត្ត ដើម្បីឲ្យពួកគាត់មានអារម្មណ៍ស្រស់ថ្លាបន្តិច និងឲ្យពួកគាត់បានស្គាល់ពីកេរ្តិ៍ដំណែលជាសម្បត្តិវប្បធម៌ជាតិខ្មែរ»។
លោកបញ្ជាក់ថា «យាយៗភាគច្រើនមិនធ្លាប់បានមកទីនេះទេ ព្រោះពួកគាត់មានជីវភាពក្រីក្រ គ្មានលទ្ធភាពដើរកំសាន្តឡើយ»។ ទន្ទឹមនោះ លោក ស្កុត បានសរសើរលោកយាយវ័យ ៩៤ឆ្នាំម្នាក់ថា មានទេពកោសល្យថតរូបស៊ែលហ្វីបានយ៉ាងស្អាតទៀតផង៕