ភ្នំពេញ៖ ក្រោយពីមានរឿងរ៉ាវផ្ទុះព័ត៌មានបង្ហោះក្នុងបណ្តាញសង្គម ពីគណនីហ្វេសប៊ុក ឈ្មោះ Bee yury ដែលម្ចាស់គណនីមួយនេះជានារីវ័យក្មេងនិងមានទម្រង់មុខ ស្រដៀងនិងពិធីការិនីហ៊ិន ច័ន្ទនីរ័ត្ន ថែមទាំងអះអាងថា ហ៊ិន ច័ន្ទនីរ័ត្ន ជាបងស្រីបង្កើតខ្លួន ក៏ត្រូវកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ច្រានចោល។ ក្មេងស្រីម្ចាស់គណនីមួយនេះ នៅតែបន្តសារអះអាងថា ហ៊ិន ច័ន្ទនីរ័ត្នគឺជាបងស្រីបង្កើតដដែល។

 

 កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ធ្លាប់បានធ្វើការបដិសេធម្តងរួចហើយ ទាក់ទិនទៅនិងសំដីអះអាងរបស់នារីស្រស់ស្អាតម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ ប៊ី យូរី ដែលថា នាងគឺជាបងស្រីបង្កើតរបស់គេ ដែលបែកគ្នាតាំងពីនៅអាយុបីឆ្នាំ និងថាធ្វើមិនស្គាល់ប្អូននិងឪពុកម្តាយបង្កើត។ ក្នុងសារបដិសេធនោះ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ជាពិធីការិនីល្បីនៅទូរទស្សន៍បាយ័ន បានលើកឡើងថា «ខ្ញុំមិនដែលស្គាល់ស្រ្តីម្នាក់នោះទេ ហើយខ្ញុំក៏មិនមានរឿងបែបហ្នឹងទេ។ ខ្ញុំណាទៅមនុស្សបែបនេះ សូម្បីបងប្អូនបង្កើតឪពុកម្តាយក៏មិនទទួលស្គាល់នោះ»។ តែយ៉ាងណាជាថ្មី ស្រីស្រស់រូបស្អាត់សម្ផស្សមុខស្រដៀងនិងកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ម្ចាស់គណនីហ្វេសប៊ុក ប៊ី យូរី នាងនៅតែបញ្ចេញសារអះអាងថា ហ៊ិន ច័ន្ទនីរ័ត្នគឺជាបងស្រីបង្កើតនាងពិតមែន ។

ដោយនាងបន្ថែមសារទម្លាយថា «ហ៊ិន ច័ន្ទនីរ័ត្ន គឺជាបងស្រីទី៣ ក្នុងចំណោមកូនទាំង៥នាក់ ហើយបងស្រីនាង ត្រូវបានបងប្អូនជីដូនមួយ យកមកចិញ្ចឹមតាំងពីតូចដោយសារតែគ្រួសាររបស់នាងមានជីវះភាពខ្វះខាត់ ហើយកន្លងមកគ្រួសាររបស់នាងក៏ឧស្សាហ៏ទៅលេងបាន ៥ ទៅ ៦ ដងដែរ»។ ស្រ្តីឈ្មោះ ប៊ី យូរី ក៏អះអាងទៀតថា «មិនមែនមកពី ហ៊ិន ច័ន្ទនីរ័ត្ន ល្បីល្បាញនោះទេ ទើបទម្លាយរឿងបងស្រីទេ គ្រាន់តែចង់ឲ្យបងស្រីទៅលេងឪពុកម្តាយ ដែលគាត់ចាស់ៗអស់ហើយ»។