ភ្នំពេញ៖ បុរសជាបងថ្លៃម្នាក់ រៀបរាប់ទាំងអារម្មណ៍ខ្លោចផ្សាលើបណ្តាញសង្គមហ្វេសប៊ុក ពីរឿង គ្រូពេទ្យខ្វះវិជ្ជាជីវៈ វះកាត់មិនកើតក៏នៅតែប្រឹងត្រដវះ ទាំងងងិតងងុល ព្រោះចង់បានលុយពីអ្នកជំងឺ។ តែយ៉ាងណា បុរសដែលបង្ហាញសារតូចចិត្តតូចថ្លើម រឿងសមាជិកគ្រួសារនោះ នៅមិនបានបង្ហាញអត្តសញ្ញាណពេទ្យនោះឲ្យសាធារណៈជនបានស្គាល់ឈ្មោះ ដែលគ្រាន់តែបង្ហើបថានៅទីក្រុងភ្នំពេញ និងកើតឡើងថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ ។

ក្នុងសារដែលនោះក៏បានបង្ហាញឲ្យដឹងថា «ពេលគ្រូពេទ្យធ្វើការវះកាត់យកកូនចេញរួចរាល់ គ្រូពេទ្យប្រាប់ថា នៅមិនទាន់អាចយកសុកបានទេ ដោយទុករយៈពេលមួយអាទិត្យ ឬដប់ថ្ងៃឲ្យវារួមតូចបន្តិចទើបយកចេញមកបាន»។ រង់ចាំតាមបណ្តាំគ្រូពេទ្យអស់ប៉ុន្មានថ្ងៃ ឃើញស្ថានភាពមិនសូវស្រួល ក្រុមគ្រួសារបាននាំស្ត្រីនោះទៅក្រៅប្រទេសដើម្បីព្យាបាលបន្ត។ ទន្ទឹមនោះ បងថ្លៃដដែលបានបន្តថា «បើសិនមិនបញ្ជូនទៅក្រៅប្រទេសទេ ប្អូនខ្ញុំនឹងប្រឈមគ្រោះថ្នាក់ដល់ជីវិត។ ឥឡូវនេះ ប្អូនខ្ញុំត្រូវ វះកាត់ស្បូនចោលទាំងស្រុង»។

ថ្លែងទាំងអាណិតប្អូនស្រីវ័យ ៣២ឆ្នាំ បងថ្លៃរូបនោះ បានទទូចសុំទៅគ្រូពេទ្យទាំងនោះថា «សូមជួយអាណិតដល់ជីវិតអ្នកជំងឺផងកុំចង់បានលុយហួសហេតុពេក បើសិនប៉ះលើគ្រួសារលោកវិញ តើលោកគ្រូពេទ្យគិតយ៉ាងណា? ហើយមានអារម្មណ៍យ៉ាងណា?»៕