ភ្នំពេញ៖ រឿងរ៉ាវនឹកស្មានមិនដល់ ក្មេងប្រុសវ័យ ៩ឆ្នាំម្នាក់ បានបាត់បងជីវិតចំថ្ងៃដែលឪពុកម្តាយធ្វើពិធីជប់លៀងឡើងផ្ទះថ្មី ។ ដែលធ្វើឲ្យពិធីគ្រោងក្នុងក្តីសប្បាយជួបជុំញាតិមិត្តមួយនេះ ប្រែក្លាយជាពិធីកាន់ទុក្ខមួយរំពេច។ ហេតុអាក្រក់ដែលឈានដល់ប្រែអក្សរមុខរោងពី ពិធីឡើងគេហដ្ឋានថ្មី មកជាពិធីបុណ្យសពនេះ កើតឡើងបានដោយ «និស្សិតឆ្នាំទី៣ម្នាក់មានស្រុកកំណើតខេត្តកំពត បើកវ៉ាជែងរថយន្តមួយគ្រឿង ទៅបុកនិងក្មេងប្រុសវ័យ៩ឆ្នាំ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងមុខរោងត្រៀមទទួលភ្ញៀវឡើងគេហដ្ឋានថ្មីនេះ ដែលស្ថិតនៅ នៅសង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។

អ្នកឃើញហេតុការណ៍បានឲ្យដឹងថា កុមារាឈ្មោះ ប៉ុន ប៊ុនហេង បានដើរឆ្លងដើរផ្លូវសំដៅទៅផ្ទះរបស់ខ្លួន ដែលកំពុងមានពិធីឡើងផ្ទះ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅល្ងាចនេះ ខណៈរោងឆាក បានតម្លើងចប់សប់គ្រប់អស់ទៅហើយ។ តែជាគ្រោះអាក្រក ថ្ងៃឡើងផ្ទះ ដើម្បីសូមសុខសួស្តី បែកជាមានគ្រោះកាច មកផ្តាប់សង្ខារកូនប្រុសម្ចាស់ផ្ទះ បែបនេះតែម្តង។ ទោះជាយ៉ាងណា ជនបង្កត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានភ្លាមៗ នៅជិតកន្លែងកើតហេតុ បន្ទាប់ពីរូបគេបានព្យាយាមរត់គេច៕