កំពង់ធំ៖ សម្រែកដង្ហោយហៅកូនឲ្យត្រលប់ «ឱកូនមាសម្តាយ កូនចាកឆ្ងាយពីម្តាយហើយ ហេតុអ្វីយើងមាននិស្ស័យជួបគ្នាខ្លីម្ល៉េះ នេះជាកំហុសម្តាយ ទើបបណ្តាលឲ្យកូនទៅជាបែបនេះ ម្តាយសុំផ្សងជួបកូនម្តាយម្តងទៀត ម៉ែស្រលាញ់កូនណាស់!»។ ស្ត្រីយំសោកបោកខ្លួន ដូចអកនេះ ត្រូវបានគេដឹងថា ត្រូវជាម្តាយកុមារអាយុ ១ឆ្នាំ ដោយលង់ទឹកអាង​បណ្តាលឲ្យស្លាប់ កាលពីព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ នៅស្រុកបារាយ ខេត្តកំពង់ធំ។

ស្រ្តីជាម្តាយបានរៀបរាប់ថា «នៅមុនពេលកើតហេតុ នាងរវល់ដាក់ដាំបាយ និងធ្វើម្ហូបនៅក្នុងផ្ទះបាយ  ទើបបណ្តោយឱ្យកូនប្រុសរបស់នាងអាយុ ១ខួប ចេះដើរតតេះតតាស់ ដើរលេងក្នុងផ្ទះតែម្នាក់ឯង លុះភ្លេចខ្លួនមួយសន្ទុះ ស្ងាត់មាត់កូន ទើបនាងស្រែកហៅ តែមិនឮសំឡេងតប ក៏ប្រញាប់ដើររកមើលពេញក្នុងផ្ទះ តែមិនឃើញសោះ លុះពេលនាងដើរទៅអើតមើលនៅក្នុងបន្ទប់ទឹក ស្រាប់តែប្រទះឃើញកូនប្រុសលង់ទឹកអាងក្នុងបន្ទប់ទឹកស្លាប់បាត់ទៅហើយ»។