ព្រះសីហនុ៖ សំឡេងគ្រួសារគេសើចក្អាកក្អាយ ក្រោយបានឃើញមុខកូនប្រុសកូនស្រីរបស់ពួកគេ ដោយមានប្តី និងឪពុកម្តាយចាំផ្តល់កំលាំងចិត្ត។ ដោយឡែក ស្រ្តីឈឺពោះគ្រប់ខែម្នាក់ បានដើរកាត់ភ្នំ មកកាន់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុតែឯង និងបានដង្ហោយឲ្យគ្រូពេទ្យជួយសម្រាល កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ ដោយគ្មានប្តី និងគ្មានសាច់ញាតិទេ។
ស្ត្រីវ័យ ២០ឆ្នាំប្លាយ ទើបសម្រាលបានកូនស្រីនោះ បានរៀបរាប់ទាំងទឹកភ្នែករលីងរលោងថា «ប្តីបានរត់ចោលខ្ញុំតាំងពីខ្ញុំមានផ្ទៃពោះ ៤ខែមកម្ល៉េះ។ សព្វថ្ងៃ ខ្ញុំគ្មានទីពឹងទេ»។ ជុំវិញរឿងនេះ លោក សេង ណុង ប្រធានមន្ទីរពេទ្យបង្អែក បានឲ្យដឹងថា «ស្ត្រីក្រីក្រគ្មានសាច់ញាតិ សម្រាលបានកូនស្រី ទម្ងន់ ២គីឡូក្រាម ពេលនេះម្តាយមានសភាពស្លេកស្លាំងខ្លាំង ព្រោះខ្វះអាហារឧបត្ថម្ភ»។ ម្ល៉ោះហើយ ប្រធានមន្ទីរពេទ្យរូបនេះ បានធ្វើការអំពាវនាវដល់សប្បុរសជន មេត្តាជួយឧបត្ថម្ភស្ត្រីទើបឆ្លងទន្លេនេះផង ដើម្បីឲ្យនាងមានលទ្ធភាពចិញ្ចឹមកូន៕
