តារាកំប្លែងនាយ ពាក់មី ដែលមានឈ្មោះពិត ចែម ចាន់រ៉ា និងគ្រួសារមួយត្រូវបានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកោតសរសើរចំពោះសកម្មភាពរស់នៅជាអ្នកជិតខាងគ្នាដែលមានការអធ្យាស្រ័យ និងការយោគយល់ធ្វើឱ្យការរស់នៅមានភាពសុខសាន្ដ ។
មហាជន ពិសេសអ្នកដែលប្រើប្រាស់បណ្ដាញសង្គមតេឡេក្រាមភាគច្រើនប្រាកដជាបានជ្រាបហើយថា យប់មិញនេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងជាសំណេរមួយកោតសរសើរចំពោះសកម្មភាពរស់នៅជាអ្នកជិតខាងគ្នារវាងក្រុមគ្រួសារតារាកំប្លែងនាយ ពាក់មី និងគ្រួសារមួយទៀតដែលសម្ដេចមិនបានស្គាល់ឈ្មោះថា ជាគ្រួសារដែលចេះសម្រួលគ្នា និងយោគយល់ពីគ្នា ។
កាលពីថ្មីៗនេះតារាកំប្លែងនាយ ពាក់មី ឈ្មោះពិត ចែម ចាន់រ៉ា បានបង្ហោះវីដេអូរឿងពិតមួយក្នុងគោលបំណងឱ្យអ្នកទស្សនាពិចារណាពាក់ព័ន្ធនឹងការរស់នៅជាអ្នកជិតខាងគ្នា ដោយក្នុងវីដេអូនោះលោក ចែម ចាន់រ៉ា បាននិយាយថា ផ្ទះអ្នកជិតខាងលោកបានដាំដើមឈើដុះចូលមកលើដីផ្ទះរបស់លោកជាង២ម៉ែត្រ តែមានចិត្តចង្អៀតចង្អល់បង្កទំនាស់ ឬ កាប់ចេញនោះឡើយ ព្រោះលោកយល់ថា ការចេះយោគយល់គ្នាទើបរស់នៅបានសុខ ។ ម្យ៉ាងដើមឈើដុះមកហើយក៏បានបង្កើតជាម្លប់ត្រជាក់ត្រជុំសម្រាប់គ្រួសារទាំងពីរផងដែរ ។
អ្វីដែលចាប់អារម្មណ៍តារាកំប្លែងពោញេញដោយទេពកោសល្យ និងបទពិសោធន៍ច្រើនឆ្នាំរូបនេះបានបញ្ជាក់ថា លោកធ្វើវីដេអូនេះឡើងក្នុងគោលបំណងក្រើនរំលឹកដល់អ្នកទស្សនា ពិសេសអ្នកដែលរស់នៅជិតគ្នាហើយមានការលើសលួសបន្តិចបន្តួចដូចជាករណីរបស់លោកគួរតែចេះអធ្យាស្រ័យ និងមានការយោគយល់ដល់គ្នា ។ លោក ពាក់មី និយាយថា កន្លងមកលោកតែងតែឃើញករណីទំនាក់រវាងអ្នកជិតខាងគ្នាកើតមានជាច្រើនបន្តបន្ទាប់ពាក់ព័ន្ធនឹងការដាំដើមឈើដុះចូលដី ឬធ្វើសួនច្បារជាដើម ។
មកដល់ពេលនេះវីដអូរបស់នាយ ពាក់មី មានការចែករំលែកជិត១ម៉ឺននាក់ និងអ្នកទស្សនាជិត៤លានដង ។ អ្វីដែលកាន់តែពិសេសនោះ នាយ ពាក់មី ត្រូវបានសម្ដេចនាយករដ្ឋមន្ត្រីកោតសរសើរថែមទៀតផង ហើយសម្ដេចក៏សូមឱ្យមហាជនទស្សនាវីដេអូនោះ ព្រោះបានពន្យល់គ្រប់គ្រាន់អំពីការរស់នៅជិតខាងគ្នា ។
ដោយសម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «សូមកោតសរសើរលោកកូន ពែកមី និងគ្រួសារមួយទៀត ដែលខ្ញុំមិនបានស្គាល់ឈ្មោះដែលចេះសម្រួលគ្នា និងរស់នៅជាមួយគ្នាដោយសុខសាន្ត ។ សូមមើលវីដេអូនេះ និងផ្តល់នូវការពន្យល់គ្រប់គ្រាន់អំពីរបៀបរស់នៅជិតខាងគ្នា» ។
នេះជារឿងដ៏កម្រសម្រាប់តារាកំប្លែងនាយ ពាក់មី ដែលត្រូវបានសម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជាកោតសរសើរ ដែលធ្វើឱ្យរូបលោករំភើបចិត្តយ៉ាងខ្លាំង និងបានបង្ហោះដោយភ្ជាប់សំណេរខ្លីថា «ផ្ទះលេខ២ ខូចតែក្នុងរឿងទេ» ៕