ភ្នំពេញ៖ យុទ្ធនាការមួកសុវត្ថិភាពមួយជួយជីវិតមនុស្សម្នាក់ ដែលរៀបចំឡើងដោយសមាគមមិត្តសិល្បៈស្មគ្រចិត្តដើម្បីជួយសង្គម រួមនឹងសមាគមសិល្បករខ្មែរ ដែលចែកជូនពលរដ្ឋអ្នកធ្វើចរាចរណ៍ចំនួន៨ខណ្ឌក្នុងរាជធានីភ្នំពេញ។

នៅថ្ងៃទី២៤ខែមករានេះ បានធ្វើដំណើរដល់ខណ្ឌឫស្សីកែវនិងខណ្ឌព្រែកព្នៅហើយ។ បន្ទាប់ពីថ្ងៃទី២៣ខែមករា យុទ្ធនាការសុវត្ថិភាពមួយជួយជីវិតមនុស្សម្នាក់ ដែលរៀបចំឡើងដោយសមាគមមិត្តសិល្បៈស្មគ្រចិត្តដើម្បីជួយសង្គម រួមនឹងសមាគមសិល្បករខ្មែរ បានសម្រេចគោលដៅចែកមួកសុវត្ថិភាពបានចំនួនពីរខណ្ឌរួចហើយ គឺខណ្ឌ ពោធិសែនជ័យនិងខណ្ឌមានជ័យ ក្នុងភាពសស្រាក់សស្រាំ ពីមិត្តៗសិល្បករសិល្បការិនីរួមនឹងមន្រ្តីថ្នាក់មូលដ្ឋាន ក៏មានវត្តមានចូលរួមផង។

នាព្រឹកថ្ងៃទី២៤ ខែ មករា ឆ្នាំ២០១៨ប្រធានសមាគមមិត្តសិល្បៈស្មគ្រចិត្តជួយសង្គមលោក ហេង ឡុង បានលើកឡើងថា«ការចុះចែកមួកសុវត្ថិភាពនេះក៏មានវត្តមានរបស់សិល្បករ សិល្បការិនីជាច្រើន ដែលស្មគ្រចិត្តចូលរួម ក្នុងសកម្មភាពនេះដែរ»។ លោកបានបញ្ជាក់ថា «ការចែកមួយនេះមានការឧបត្ថមផ្ដាច់មុខពីក្រុមហ៊ុនស្រាបៀហ្គេនស្បឺត។ ចំពោះការចែក មុននឹងចែកជូនគាត់ គឺក្រុមការងារសិល្បៈស្មគ្រចិត្ត ពួកគាត់ក៏មានសារខ្លីៗបង្ហាញពីការអប់រំលើច្បាប់ចរាចរនិងផលប៉ះពាល់នៃគ្រោះថ្នាក់ចរាចរ ដល់ពួកគាត់ផងដែរ»។