ភ្នំពេញ៖ ព្រមនឹងឱកាសក្តាប់តំណែងជាពិធីការិនីក្នុងទ្រនំទូរទស្សន៍ ម៉ាយធីវី ក្នុងថ្វីមាត់កំប្លុកកំប្លែងថែមលើវោហាស័ព្ទ ដូចពាក្យចាស់ថា ចាក់ទឹកមិនលេច កញ្ញា សុភ័ក្រ កុសុម៉ា បែរជាត្រូវ តារាសម្តែងរូបសង្ហា លោក ចន ច័ន្ទតារា គាស់កកាយពីចរិតនៅក្នុងវិថីសិល្បៈ មុននាងមានងារជាតារាពហុកជំនាញ។
ក្នុងសាររន្ទឺដែលថា លោក ចន ច័ន្ទតារា ប្អូនប្រុសអ្នកនាង ចន ច័ន្ទលក្ខិណា ដែលកាន់តំណែងជាប្រធានសមាគមសិល្បករខ្មែរ គាស់កកាយរឿងអាថ៌កំបាំង កុសុម៉ា លើវីថីសិល្បៈនោះក៏ធ្វើឲ្យអ្នកគាំទ្រពួកគេទាំងពីរនាក់ ហាក់បង្ហាញអារម្មណ៍អន្ទះសារយ៉ាងខ្លាំង ចង់ដឹងពីមូលហេតុអ្វីបានជាត្រូវ លោក ចន ច័ន្ទតារា ស្ងាត់ទម្លាយអាថ៌កំបាំងបែបនេះ ឬក៏ កុសុម៉ា មានអាថ៌កំបាំងអ្វីជាមួយ ប្អូនប្រុសប្រធានសមាគមសិល្បករខ្មែរ ដែលបានជា តារាប្រុសរូបសង្ហាម្នាក់នេះ ចាំបាច់ត្រូវគាស់កកាយពីចរិតនាងបែបនេះ? បើជារឿងអាក្រក់ បើអត់បាន ក៏អត់ទៅ ព្រោះជាអ្នកសិល្បៈរួមវិថីជាមួយគ្នា!។
តែយ៉ាងណាឆ្លើយបញ្ជាក់ពីអ្វីដែលលោក ត្រូវនិយាយពី ពិធីការិនី កុសុម៉ា ដែលកំពុងរន្ទឺប្រជាប្រិយភាពក្នុងកម្មវិធីទូរទស្សន៍នោះ លោក ចន ច័ន្ទតារាថា «គ្មានអ្វីដែលជារឿងអាក្រក់ដល់ កុសុម៉ា ហើយក៏គ្មានអ្វីដែលនាំឲ្យប៉ះពាល់អារម្មណ៍នាង លើការងារសិល្បៈដែរ»។ បន្ថែមពីសំដីបង្ហើបដែលធ្វើឲ្យអ្នកគាំទ្រពួកគេទាំងពីរនាក់ធូរអារម្មណ៍នោះ ប្អូនប្រុសប្រធានសមាគមសិល្បករខ្មែរ រូបនេះក៏បញ្ជាក់ថា «អ្វីដែលខ្ញុំនិយាយពី កុសុម៉ានោះ គឺចង់ប្រាប់ថា ចរិតគាត់គួរឱ្យស្រឡាញ់ និងរួសរាយ ជាពិសេសចូលចិត្តធ្វើឱ្យមនុស្សជុំវិញខ្លួនសើចសប្បាយ ហើយក៏បានបន្សល់អនុស្សាវរីយ៍សម្រាប់ប្អូនស្រីរបស់បងឱ្យពួកគេចងចាំអស់មួយជីវិតដោយក្តីស្រឡាញ់ដែលចេញពីបេះដូងពិតប្រាកដ។ ចរិតស័ក្តិសមជាតារាល្បីមែន។ Love u sis ! SopheakKosoma»៕
