ភ្នំពេញ៖ ក្រោយធ្វើការវះកាត់ព្យាបាលបេះដូង ក្រោមជំនួយឧត្ថម្ភពីអតីតរាតាសម្តែងជើងចាស់ ខៃ ប្រសិទ្ធ, កញ្ញា ពេជ្រ ចរណៃ បានទទួលលទ្ធផលគាប់ប្រសើរ ដែលអាចដើរហើរបានជាធម្មតា។ តាមរយៈជំនួយនេះ ត្រូវបានពាក្យចចាមអារ៉ាមលើកឡើងថា លោកជាមនុស្សហុតទឹកសំឡឹងកាក ចង់បានលាភសក្ការៈវិញ ក្រោយពីនាងរួចរាល់នោះ។

ជុំវិញរឿងនេះ អតីតតារាសម្តែងខ្មែរ សញ្ជាតិអាមេរិក ខៃ ប្រសិទ្ធ បានបញ្ជាក់ថា «បងធ្វើនេះមិនបំពេញចិត្តអ្នកណាម្នាក់ឡើង ហើយក៏មិនចង់បានអ្វីត្រលប់មកវិញដែរ»។ យ៉ាងណាម៉ិញ កាលពីលោក ខៃ ប្រសិទ្ធ ស្កាត់មកជួប ពេជ្រ ចរណៃ នៅមន្ទីរពេទ្យប្រទេសថៃ គ្រានោះលោកបាននិយាយថា «ខ្ញុំជួយ ពេជ្រ ចរណៃ ព្រោះខ្ញុំចង់ឲ្យនាងបានជាសះស្បើយ និងវិលត្រលប់ទៅប្រឡូកក្នុងវិស័យសិល្បៈឡើងវិញ តាមក្តីប្រាថ្នារបស់នាង និងដើម្បីបម្រើអារម្មណ៍ទស្សនិកជន ទុកជាការកែកំសាន្ត»។ ទន្ទឹមនោះ តារាសម្តែងល្បុក្កតោ ពេជ្រ ចរណៃ បានថ្លែងអំណរគុណលោក ខៃ ប្រសិទ្ធ ដែលបានជួយស្រោចស្រង់ជីវិតនាង ឲ្យឃើញពន្លឺឡើងវិញ។

 

 

ពិសេសជាងនេះទៅទៀត នាងបានសរសើរលោក ខៃ ប្រសិទ្ធ ថា «បងជាមនុស្សគួរឲ្យគោរព និងយកគំរូតាម ដោយបងបានជួយមនុស្សនៅជុំវិញខ្លួន ឲ្យមានស្នាមញញឹមជាថ្មី ហើយបងបានបន្សល់ទុកអនុស្សាវរីយ៍ល្អសម្រាប់ប្អូន និងគ្រួសារប្អូន»។ មិនត្រឹមតែសាមីខ្លួន ពេជ្រ ចរណៃ ទេ ដែលមើលឃើញថា លោកជាមនុស្សគំរូនោះ សូម្បីតែមហាជនទូទៅ ជាពិសេសមិត្តសិល្បៈរួមជំនាន់ក៏លាន់មាត់សរសើរលោកដែរ៕