កណ្ដាល៖ ខណៈមេឃចាប់ផ្តើមភ្លៀងរលឹមតក់ៗ លោកយាយជរាម្នាក់ សង្វាតប្រមូលអេតចាយ​ត្រលប់ទៅរកកន្លែងសម្រាកវិញ ជាអកុសលដើរឆ្លងផ្លូវ ត្រូវរថយន្តមិនស្គាល់អត្តសញ្ញាណ បុកបណ្តាលឲ្យបែកក្បាលស្លាប់ភ្លាមៗ នៅនឹងកន្លែង ចំណែករថយន្តបង្កព្យាយាមបើករត់គេចខ្លួនបាត់ស្រមោល។

គួរបញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដ៏គួរឲ្យអាណិតអាសូរខាងលើនេះ បានកើតឡើងលើផ្លូវជាតិលេខ២១ ចំណុចគល់ស្ពានព្រែកតាហ៊ីង (ទី៥២) ត្រើយខាងត្បូង ស្ថិតនៅក្នុងភូមិ ព្រែកតាហ៊ីង ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល នាវេលាម៉ោងជិត១១យប់ជ្រៅ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨។