ភ្នំពេញ៖ ជាតិស្រវឹងចូលពេញប្រាណ ធ្វើឲ្យយុវជនពីរនាក់ កើតចិត្តក្លាហាន​ជិះម៉ូតូ​លែងខ្វល់ខ្លាចស្លាប់ ជ្រែលិចជ្រែកើត បណ្តាលឲ្យជ្រុលទៅ​បុកឡានម៉ាក ឡិចស៊ីស ចំហើងខាងឆ្វងយ៉ាងដំណំ​នៅម្តុំស្តុកកែងកាល់ម៉ែត្រ កាលពីយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ ។

រំពេចនោះ បុរសជាម្ចាស់ឡាន បានបើកទ្វាចុះមកមើល ដោយនឹងស្មានថា អ្នកទាំង២នាក់ស្លាប់បាត់ទៅហើយ ប៉ុន្តែជាសំណាងល្អ យុវជនកម្មករសំណង់​ទាំង២នាក់នោះ មិនស្លាប់ ឬ របួសធ្ងន់នោះទេ ដោយពួកគេព្យាយាមងើបឡើង លុតជង្គង់សំពះសុំទោស និងសុំឲ្យម្ចាស់ឡានកុំឲ្យទារសំណង ព្រោះពួកគេគ្មានលុយសងទេ ហើយម៉ូតូទៀតសោត គឺជាម៉ូតូដែលខ្ចីមិត្តភក្រជិះប៉ុណ្ណោះ។

ដោយការទទូចអង្វរ សំពះផង លុតជង្គង់ផង មើលទៅគួរឲ្យអាណិត ម្ចាស់ឡាន​ត្រូវបានគេសរសើរថា មានចិត្តធម៌គ្រាន់បើដែរនោះ បាននិយាយណែនាំតែប៉ុន្មានម៉ាត់ និងព្រមឲ្យ​ពួកគេចា​កចេញទៅតាមសម្រួល ដោយមិនទទួលបានសំណងអ្វីឡើយ។ ចំណែកឡានដែលត្រូវខូចខាតផ្នែកខាងឆ្វេងនោះ ម្ចាស់ឡាន​ ត្រូវយកទៅ​ជួស​ជុល​ដោយខ្លួនឯង។