មណ្ឌលគិរី៖ កាលពីល្ងាច ថ្ងៃទី២៨ មករា រឿងហួសចិត្តបានផ្ទុះឡើងកក្រើកពីទឹកដីខេត្តមណ្ឌលគិរី ទៅនឹងរឿងផ្ទុះអាវុធ ៧គ្រាប់ នៅឃ្លាំងស្តុកឈើ ឧកញ៉ា តុប វីរ៉ាដា នៅស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរី។ សភាពភ្ញាក់ផ្អើលដែលផ្ទុះចេញពីជំងឺសង្គមរ៉ាំរ៉ៃ លើរូបភាពបទល្មើសព្រៃឈើនៅប៉ែកឥសាន្តប្រទេសនេះ ក៏ត្រូវបានបណ្តាញសង្គមហ្វេសប៊ុក និទានថា «អ្នកកាសែតមកពីបណ្ដាអង្គភាពផ្សេងៗគ្នាប្រមាណជាង២០នាក់ ភ័យព្រលឹងចុងសក់ រត់បាទជើងសព្រាត ខណៈសម្លេងផ្ទុះអាវុធ៧គ្រាប់ ចេញក្នុងឃ្លាំងស្តុកឈើរបស់ ឧកញ៉ា តុប វីរ៉ាដា»។

ពីស្នូរកាំភ្លើងផ្ទុះឡើង គ្រាស្រុកទេសចប់សង្គ្រាម ឬថា ខុសកាលនៅក្នុងឃ្លាំងស្តុកឈើអ្នកមានលុយមានអំណាចនោះ ក៏ត្រូវបានប្រភពបង្ហាញថា «ហេតុការណ៍នេះ កើតឡើងក្រោយ ក្រុមកម្មករ និងពលរដ្ឋម្នាក់ បានស្គាល់កន្លែងស្តុកឈើ ដែលមើលការខុសត្រូវដោយ ផាន់ណា ប្អូនថ្លៃរបស់ ឧកញ៉ា តុប វីរ៉ាដា និងបាននាំអ្នកកាសែតចុះទៅយកព័ត៌មាន ប៉ុន្តែភ្លាមៗនោះ ត្រូវបុរសឈ្មោះ ផាន់ណា គម្រាមបាញ់សម្លាប់ និងបានបាញ់ ៧គ្រាប់ឡើងលើ បណ្តាលឲ្យអ្នកសារព័ត៌មាន ភ័យនាំគ្នារត់បាតជើងសព្រាតតែម្តង»៕