លោក ខេង គុយលី បាននិយាយថា« សូម្បីតែយល់សប្តិ ក៏នឹកមិនដល់ដែរ អារម្មណ៍ខ្ញុំពេលនេះ មិនដឹងយកអីមកនិយាយឲ្យត្រូវទេបង ធ្លាប់តែធ្វើជាអ្នកឲ្យចំណីបង្កងនៅស្រុកថៃ ខ្ញុំមិនដែលគិតទេថា ថ្ងៃណាមួយនឹងបានទៅប្រទេសកូរ៉េ ហើយក៏រឹតតែមិនដែលស្រមៃថា បានឡើងឆាកច្រៀងជាមួយតារាល្បីៗដូចជាបង ខេមរៈ សិរីមន្ត ខេម និង មាស សុខសោភាទេ ដល់ឥឡូវក្លាយជាការពិត…និយាយទៅ ខ្ញុំដូចយល់សប្តិអីចឹងបង»។
លោកបានបន្តថា «ដំបូងឡើយ ដោយសារនិស្ស័យចូលចិត្តសិល្បៈ ខ្ញុំតែងតែច្រៀង Cover បទរបស់តារាចម្រៀងផ្សេងៗ និងនិពន្ធថ្មីខ្លួនឯងខ្លះ បង្ហោះលើហ្វេសប៊ុក និងយូធូប»។ ខេង គុយលី បានពោកទៀតថា ជីវិតរបស់ខ្ញុំបានជោគជ័យគឺក៏ដោយសារបានជួយជ្រោមជ្រែងពីសំណាក់ឧញ្ញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា ដែលធ្លាប់ជាពលករដូចគ្នា។លោកបន្តថា “ខ្ញុំចង់និយាយថា អរគុណបងណាវ៉ាត្រា ខ្លាំងណាស់ អ្វីៗដែលបានកើតឡើង គឺខ្ញុំដូចទើបភ្ញាក់ពីដេកអីចឹង របស់ដែលធ្លាប់តែនៅភក់ជ្រាំ ត្រូវគាត់រើសយកមកលាងទឹក ហើយតម្កល់ជារបស់សំខាន់ ខ្ញុំ ពិតជាមិនដែលស្រមៃទេ ហើយក៏រឹតមិនដែលគិតទៀតថា បានទៅប្រទេសកូរ៉េថែមទៀត»។
