ភ្នំពេញ៖ក្រោយសះស្បើយពីជំងឺ តារាសម្តែងក្បាច់គុនល្បុក្កតោ ពេជ្រ ចរណៃ បានបង្ហោះវីដេអូថ្លែងអំណរគុណ បងប្អូនសប្បុរសជនទាំងក្នុង និងក្រៅប្រទេស ដែលបានជួយនាងនាពេលកន្លងមក ខណៈនាងកំពុងជួបប្រទះជំងឺដាច់សរសៃប្រើសបេះដូង។

ក្នុងវីដេអូឃ្លីបប្រមាណជាង ១នាទីនោះ តារាសម្តែងធ្លាប់ពោលថា «ដូចរស់ម្តងទៀត» ពេជ្រ ចរណៃ បានអរគុណជាពិសេស អ្នកស្រី ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរ និង លោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម ដែលបានខ្នះខ្នែងជួយដល់នាង។

តារារូបនេះ បានរៀបរាប់ថា «នាងខ្ញុំ ចរណៃ បានជាសះស្បើយពីជំងឺបេះដូងហើយ។ ឱកាសនេះ នាងខ្ញុំសូមថ្លែងអំណរគុណ បងស្រី ចន ច័ន្ទលក្ខិណា និង បងប្រុស ហេង ឡុង ដែលមានទឹកចិត្តសន្តោសប្រណៃ អាណិតប្អូនកន្លងមក និងបានជួយប្អូនច្រើន រួមមាន ជួយរកមន្ទីរពេទ្យនៅស្រុកខ្មែរ ដើម្បីវះកាត់ ដោយមិនអស់ថវិកា និងបងទាំងពីបានជួយស្នើសុំទៅកាកបាទក្រហមកម្ពុជា ដើម្បីជួយនាងខ្ញុំជាដើម»។

សម្តីមួយឃ្លា ពេជ្រ ចរណៃ បានធ្វើមហាជនស្រណោះយ៉ាងខ្លាំង ខណៈនាងនិយាយថា «បើគ្មានបងប្អូន សប្បុរជនទេ នាងខ្ញុំក៏គ្មានថ្ងៃនេះដែរ»។