ភ្នំពេញ៖ មុនដឹកនាំក្រុមសិល្បករជាង ២០រូប ចេញទៅសម្តែងនៅប្រទេសកូរ៉េ ឧកញ៉ាវ័យក្មេង ដែលធ្លាប់ហែលឆ្លងអតីតកាលជីវិត ធ្វើជាពលករនៅប្រទេសកូន ឡេង ណាវ៉ាត្រា បានប្រកាស បរិច្ចាគថវិកាផ្ទាល់ខ្លួន ៥០លានរៀល ដល់មន្ទីរពេទ្យគន្ធរបុប្ផា ដើម្បីជួយទ្រទ្រង់សេវាថែទាំសុខភាព ដោយឥតគិតថ្លៃ ជូនកុមារកម្ពុជា។
តាមការបង្ហាញពី លោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្មគ្រចិត្តជួយសង្គម បានបង្ហើបនៅមុននេះថា «ជំនួយមនុស្សធម៌ជួយមន្ទីពេទ្យគន្ធបុប្ផា ពីលោកឧកញ៉ាក្មេង ល្បីជំនួញអចលនទ្រព្យ ឡេង ណាវ៉ាត្រា នឹងយកទៅជូនដោយផ្ទាល់នៅព្រឹកថ្ងៃស្អែក ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨»។ លោក ហេង ឡុង ក៏បានបង្ហាញថា «មួយរយៈចុងក្រោយនេះ លោកឧកញ៉ាក្មេង ល្បីជំនួញអចលនទ្រព្យ ឡេង ណាវ៉ាត្រា បានជួយរួមចំណែកលើកិច្ចការជួយសង្គមបានច្រើន ។
ដែលមុននេះ ក្រៅពីជួយអ្នកសិល្បៈចាស់ជរា តាមរយៈសមាគមសិល្បៈស្មគ្រចិត្តជួយសង្គមនិង សមាគមសិល្បករខ្មែរ លោកក៏ធ្លាប់បានបរិច្ចាគថវិកា ជួយដល់កាកបាទក្រហមកម្ពុជាផងដែរ រួមនឹងជួយឲ្យអ្នកសិល្បៈយើងជាច្រើន មានការងារធ្វើជាមួយគាត់ដែរ ។ លោកបានបញ្ជាក់ថា «នៅពេលខាងមុខខ្លីនេះ គាត់នឹងនាំសិល្បៈខ្មែរយើងល្បីៗចំនួន២០ដួងទៅសម្តែងនៅប្រទេសកូរ៉េទៀតផង»។
