រតនគិរី៖ ស្នាមប្រតាយប្រតប់ឡើងខ្ទេចស្មៅ  និងស្នាមច្របាច់ក បណ្តាលឲ្យយុវតីវ័យ ១៨ឆ្នាំម្នាក់ បានស្លាប់ទាំងអាក្រាតកាយ នៅជិតតូបលក់ដូររបស់នាង ត្រូវបានសមត្ថកិច្ចសន្និដ្ឋានថា ករណីរំលោភសម្លាប់។

តាមសម្តីឪពុក​ជនរងគ្រោះបានឲ្យដឹងថា «កូនខ្ញុំដេកក្នុងតូបលក់ឥវ៉ាន់ លុះព្រឹកឡើងមិនឃើញចេញបើកតូបសោះ។ ខ្ញុំក៏បានដើររកជុំវិញតូប ក៏ប្រទះឃើញកូនដេកស្លាប់ទៅហើយ»។ ជនរងគ្រោះ មានឈ្មោះ អាត់ ស៊ីង អាយុ ១៨ឆ្នាំ ជាសិស្សថ្នាក់ទី១២ រៀននៅវិទ្យាល័យ ហ៊ុន សែន ភូមិថ្មី ក្រុងបានលុង។

យុវសិស្សថ្នាក់ទី១២នេះ ត្រូវបានគេដឹងថា ឆ្លៀតពេលទំនេរពីការសិក្សា នាងតែងជួយ​លក់ដូរឪពុកម្តាយ និងដេកយាមតូប ស្ទើររៀងរាល់ថ្ងៃ ទើបជាឱកាសមួយសម្រាប់ជនល្មោភកាយ ចាប់រំលោភ និងប្រល័យជីវិតក្មេងខ្ចីរបស់នាង ធ្វើឲ្យក្រុមគ្រួសារ​រន្ធត់ចិត្តយ៉ាងខ្លាំង។

តាមសម្តីអ្នកដែលចូលរួមមើលហេតុការណ៍នេះបានឲ្យដឹងថា «ម្តាយនាងសន្លប់ភ្លាម ក្រោយទទួលបានដំណឹងថា កូនត្រូវគេរំលោភ និងសម្លាប់»។ យ៉ាងណាមិញ ពាក់ព័ន្ធនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ជនដៃដល់​មកផ្តន្ទាទោសតាមច្បាប់៕