ភ្នំពេញ៖ តារាសម្ដែងនិងពិធីការិនីមួយរូបដ៏មានសមត្ថភាពកញ្ញា ឌួង ហ្សូរីដា រីកចម្រើនទាំងសិល្បៈនិងជំនួញដែលសុទ្ធតែធំៗ មិនថា គ្រឿងសម្អាង រឺហាងកាត់ដេរសម្លៀកបំពាក់ឡើយ។ ក្នុងភាពមមាញឹកលើជំនួញជាច្រើន ពិធីការិនី រៀមច្បងក្នុងត្រកូល (ឌួង) កញ្ញា ឌួង ហ្សូរីដា ក៏បង្ហាញផងដែរពីការខ្វល់ខ្វាយទៅសុខភាព ដែលមិនមានវេលាចម្លោះ មកគិតបានវាបាន។

ខណៈនាងបង្ហាញនៅបណ្ដាញសង្គមថា«ការព្រមានដំណាក់កាលដំបូងលេង កុំចេះតែហ៊ាន កុំចេះតែពូកែខាងប្រើភ្នែកហ្នឹងពេក ឥឡូវ Dr. ប្រាប់ថា អោយសំរាកភ្នែកខ្លះផង កុំអោយគ្នាធ្វើការហត់នឿយខ្លាំងពេក»។

តារាស្រី ដែលជាប្រធានក្រុមហ៊ុនបង្ហាញម៉ូដCambodia Super Model ថៅហាងកាត់ដេ និងថៅហាងផលិតផលថែរក្សាសម្ផស្សនាំពីប្រទេសកូរ៉េ ក្រោយយីហោជំនួញ មុទិតា កញ្ញា ឌួង ហ្សូរីដា បានបង្ហាញបន្តថា «នេះគ្រាន់តែដាច់សរសៃឈាមភ្នាស់ភ្នែកខ្លះៗតើ …! សុំទោសផងណា សុំសំរាកពីការ Live និង ជួបភ្ញៀវមួយរយៈហើយ ព្រោះត្រូវអោយឆាប់ជា ត្រូវហោះទៅថតការងារអោយគេនៅមួយអាទិត្យទៀត សង្ឃឹមថាវាឆាប់ជាផងចុះលោកអើយលោក»។