ភ្នំពេញ៖ មនុស្សមួយក្រុមមានគ្នីគ្នា ១០នាក់ បានព្រួតវាយប្តីប្រពន្ធ ២គូ បណ្តាលឲ្យប្តីរងរបួសធ្ងន់ និងប្រពន្ធរងរបួសស្រាល កាលពីយប់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅម្តុំចោមចៅ។ តាមសម្តីអ្នកក្នុងហេតុការណ៍នោះ បានរៀបរាប់ថា «ប្តីប្រពន្ធ ២គូត្រូវមិត្តភក្តិហៅទៅចូលរួមកម្មវិធីជប់លៀងបង្កក់កូនស្រីភ្លោះ លុះផឹកស៊ីបានបន្តិចក៏សុំម្ចាស់កម្មវិធីត្រឡប់ទៅផ្ទះវិញ ស្រាប់តែត្រូវភ្ញៀវដែលអង្គុយតុក្បែរនោះ ព្រួតវាយបណ្តាលឱ្យរងរបួសធ្ងន់ស្រាលទាំង៤នាក់ ដោយក្នុងនោះបុរសជាប្តី២នាក់ រងរបួសរយះក្បាល»។

យ៉ាងណាមិញ រឿងនេះ ត្រូវបានជនរងគ្រោះប្រាប់ថា «បន្ទាប់ពីហូបចុករួច ប្តីប្រពន្ធទាំង ២គូនោះ បានទាញម៉ូតូ ត្រលប់មកផ្ទះវិញ តែត្រូវអ្នកអង្គុយតុក្បែរនោះស្រែកថា កុំមើលងាយកម្មកររោងចក្រ។ ភ្លាមៗនោះ បុរស​រងគ្រោះតបថា ខ្ញុំក៏ធ្លាប់ជាអ្នករើសអេតចាយដែរ មានរឿងអ្វីត្រូវមើលងាយអ្នករោងចក្រ។ រំពេចនោះ ក្រុមមនុស្ស ១០នាក់ បានព្រួតវាយពួកខ្ញុំទាំង ៤នាក់តែម្តង»។