បន្ទាយមានជ័យ៖ ក្រោយលេចឮដំណឹងថា មានកូនចៅ រស់នៅអាមេរិក លោកយាយវ័យ ៨៣ឆ្នាំ បានសុំនារីម្នាក់ឲ្យជួយថតវីដេអូបង្ហោះដើម្បីឲ្យកូនចៅបានឃើញ ខណៈលោកយាយបានបែកពីបងប្អូនកូនក្មួយជាង ២០ឆ្នាំមកហើយ។ ថ្លែងក្នុងទឹកមុខស្រពោន លោកយាយរៀបរាប់ថា «ខ្ញុំបែកពីបងប្អូនកូនក្មួយ ២០ឆ្នាំហើយ ស្រាប់តែថ្មីៗនេះ ឮដំណឹងថា បងប្អូនរស់នៅអាមេរិក»។
លោកយាយអាយុ ៨៣ឆ្នាំ ដែលត្រូវបានអ្នកផ្សារកណ្តាលនិយាយហៅថា ជុំម៉ាក់យ៉ា ប្រកបរបររើសអេតចាយ និងជួយលាងចានលាងឆ្នាំឲ្យគេ ដែលទទួលបានកម្រៃបន្តិចបន្ទួចសម្រាប់ចិញ្ចឹមជីវិត។ គួរបញ្ជាក់ផងដែរថា លោកយាយរស់នៅតែម្នាក់ឯង គ្មានទីពឹង គ្មានផ្ទះសំបែង ពោលគឺលោកយាយរស់តាមតូបលក់ឥវ៉ាន់ ក្នុងផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកយាយ ជុំម៉ាក់យ៉ា ដែលមានឈ្មោះដើមថា «ខោល» បានអំពាវនាវថា «សូមបងប្អូនកូនក្មួយ ដែលបានស្គាល់ខ្ញុំ សូមមកលេងខ្ញុំផង»។ បន្ថែមលើនេះ ស្ត្រីម្នាក់ដែលថតវីដេអូនេះ បានបញ្ជាក់ថា «អាចទំនាក់ទំនងមកអាខោនហ្វេសប៊ុកនាងខ្ញុំបាន ព្រោះលោកយាយគ្មានអ្វីទំនាក់ទំនងឡើយ»។
