ភ្នំពេញ៖ ក្រោយពីផលិតកម្មយក្សហាក់មិនអើពើ តារាចម្រៀងម្ចាស់ពាន The Voice Cambodia ប៊ុត សីហា ធ្វើឲ្យលោកឈឺចិត្តស្អិតទ្រូង រត់ទៅដេកសំងំនៅផ្ទះទាំងក្តីអស់សង្ឃឹម។ ទន្ទឹមនឹងក្តីអស់សង្ឃឹម លេចឮដំណឹងថា មានផលិតកម្មមួយបានទទួលយកតារាចម្រៀង ប៊ុត សីហា ដើម្បីកសាងកេរ្តិ៍ឈ្មោះឡើងវិញ។
ប៉ុន្មានថ្ងៃក្រោយមក តារាចម្រៀង ប៊ុត សីហា ត្រូវបានមហាជនសន្និដ្ឋានថា ចូលផលិតកម្មថោន ខណៈកញ្ញា រ៉ាប៊ី បានបង្ហោះរូបជាមួយលោក និងបានសរសេរថា «និយាយលេងពីនេះពីនោះ»។ ក្នុងទិដ្ឋភាពអង្គុយរួមតុនោះ ឃើញមានឯកសារបួនប្រាំច្បាប់ផងដែរនៅលើតុ ដែលបញ្ជាក់បានថា ប៊ុត សីហា បានចុះកុងត្រាជាមួយផលិតកម្មថោន។
យ៉ាងណាមិញ ដំណឺងនេះ ត្រូវបានមហាជនទូទៅមានការគាំទ្រយ៉ាងច្រើនសន្លឹក ព្រោះមើលឃើញថា លោកមានក្រឡាអាចល្បីឡើងវិញ ហើយបើនៅខាំមាត់សង្កត់ចិត្តជាមួយផលិតកម្មដើម ក៏តារាចម្រៀងរូបនេះគ្មានឱកាសល្បីទៀតទេ៕
