កំពង់ធំ៖ ស្ថិតក្នុងខ្ទមជរា មានដំបូលរហែក ជញ្ជាំងធ្លុះធ្លាយពីម្ខាងទៅម្ខាងរបស់គ្រួសារមួយដែលមានសមាជិករហូត ៧នាក់ រស់នៅទាំងក្តីវេទនាជារៀងរាល់ថ្ងៃ ព្រោះគ្មានអង្ករដាំបាយ ហើយថែមទាំងប្តីមានជំងឺប្រចាំកាយទៀត។ ​គ្រួសារ​កំសត់​នេះ​មាន​ប្រពន្ធ ឈ្មោះ នុត ខន អាយុ​ ៥៧ ឆ្នាំ ប្តី​មាន​ជម្ងឺ និង មានកូន តូចៗ ៥ នាក់​រស់នៅ​ក្នុងបន្ទុក ក្នុងភូមិ​ជ័យ​មង្គល ឃុំ​ជ្រប ស្រុក​សន្ទុក ខេត្តកំពង់ធំ។

ស្ត្រីជាប្រពន្ធបានរៀបរាប់ពីទុក្ខលំបាកថា «ជារៀងរាល់ថ្ងៃខ្ញុំ និងកូនៗ ដើររើសខ្យងមកលក់​ ដើម្បីបានលុយទិញអង្ករហូប។ តែបើថ្ងៃណារើសមិនបានទេ នោះគ្រួសារខ្ញុំត្រូវដាច់បាយហើយ»។ អ្នកស្រីបានបន្តថា «ក្រៅពីរបររើសខ្យងនេះ គ្រួសារខ្ញុំមិនមានមុខរបរផ្សេងទៀតឡើយ ហើយក៏បានដីសម្រាប់ធ្វើស្រែដែរ។ ងាកទៅប្តីខ្ញុំវិញ តាំងពីចាប់ដៃគ្នារកស៊ីមក គាត់មានជំងឺប្រចាំកាយរហូត ដោយមិនមានលទ្ធភាពព្យាបាលឲ្យជាសះស្បើយនោះទេ»។

ទន្ទឹមនោះ អ្នកស្រី​ និងគ្រួសារ បានលើកដៃប្រណមសំពះសុំក្តីមេត្តាពីបងប្អូនសប្បុរសជនទាំងក្នុង និងក្រៅប្រទេសថា «មេត្តាជួយគ្រួសារខ្ញុំ ដើម្បីឲ្យមានអាហារហូបចុកគ្រប់គ្រាន់ផង និងឲ្យកូនៗបានទៅរៀនសូត្រដូចគេ»។