បាត់ដំបង៖ សិស្សប្រុសស្រីវិទ្យាល័យ បវេល បានខឹងសម្បាជាមួយនាយកសាលាយ៉ាងខ្លាំង ខណៈលោកបានដកលោកគ្រូឈ្មោះ រ៉ាត់ សារ៉េត ឯកទេសគណិតវិទ្យា ឈប់ឲ្យបង្រៀន។ ទន្ទឹមនោះ យុវសិស្សជាង ១០០នាក់ បានប្រមូលផ្តុំគ្នា ទៅតវ៉ានៅការិយាល័យអប់រំ យុវជន និងកីឡាស្រុក ដើម្បីឲ្យជួយរកដំណោះស្រាយ ប៉ុន្តែខាងមន្ត្រីបដិសេធ។

ទោះជាការិយាល័យអប់រំ មិនមានដំណោះស្រាយក្តី ក៏សិស្សជាង ១០០នាក់នោះ ហាក់មិនទាន់ចុះចាញ់នៅឡើយ ដោយពួកគេគ្រោងនឹងនាំគ្នាទៅតវ៉ានៅមុខមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបាត់ដំបង វិញម្តង ក្រែងទទួលបានប្រសិទ្ធភាពជាង។

យ៉ាងណាមិញ ការទាមទារនោះ ត្រូវបានក្រុមសិស្សានុសិស្សប្រាប់ពីគោលបំណងថា «ពួកយើងខ្ញុំចង់ឲ្យគ្រូគណិតត្រលប់មកបង្រៀនវិញ ព្រោះលោកបង្រៀនល្អ ធ្វើឲ្យកូនសិស្សឆាប់ចាប់បាន ឆាប់យល់ និងឆាប់ចេះជាដើម»៕